រដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ១ខ្សែ ទទឹង ៣០ម៉ែត្រក្នុងសង្កាត់ព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ នឹងស្ថាបនាផ្លូវថ្មី ១ ខ្សែ ដែលមានទទឹងប្រវែង ៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងក្នុងភូមិអូរអណ្តូង១ ដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ នឹងចាប់ផ្តើមចុះបោះបង្គោលកំណត់អ័ក្សផ្លូវនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
លើសពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតក្នុងគម្រោងស្ថាបនានេះ ឱ្យចូលរួមសហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងស្ម័គ្រចិត្តរុះរើរបង ដែលបានសង់លើដីចំណីផ្លូវ។
គួរបញ្ជាក់ថា គម្រោងស្ថាបនានេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញឆ្នាំ២០៣៥។
- Video Advertisement -

