អូស្រ្តាលីនិងកម្ពុជាចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការពង្រឹងសុវត្ថិភាពវិស័យសំណង់នៅកម្ពុជា

ប្រទេសអូស្រ្តាលី ប្ដេជ្ញានឹងជួយពង្រឹងសុវត្ថិភាពសំណង់នៅកម្ពុជា ដោយនឹងជួយបង្កើតបទបញ្ញត្តថ្មីស្ដីពីសុខភាព និងសុវត្ថិភាពការដ្ឋានសំណង់ ជួយអប់រំមន្រ្តីពាក់ព័ន្ធលើការងារត្រួតពិនិត្យសំណង់ ក៏ដូចជាជួយអប់រំវិស័យឯកជនមាន ទំនួលខុសត្រូវខ្ពស់ជាងមុនលើសុវត្ថិភាពការងារ។

ការប្ដេជ្ញានេះ ធ្វើឡើងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្ដ្រាលី នៅកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ កាលពីថ្ងៃទី១៦ ខែសកញ្ញា នេះ។

ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្រា្តលី បានកំពុងគាំទ្រ ក្រសួងដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រីកសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់និងគ្រោះថ្នាក់នានា នៅតាមការដ្ឋានសំណង់នៅកម្ពុជា។ ការងារលើគោលការណ៍នេះ បាននិងកំពុងរៀបចំដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខ។

លើសពីនេះ អូស្ដ្រាលីក៏នឹងជួយពង្រឹងសមត្ថភាពដល់ក្រុមការងាររបស់ក្រសួងដែនដី លើការត្រួតពិនិត្យ និងពង្រឹងការងារស្ដង់ដាសំណង់ និងជួយលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន លើទំនួលខុសត្រូវលើសុវត្ថិភាពការងារនៅការដ្ឋានផងដែរ។

បើតាមឯកឧត្តម Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត។

ឯកឧត្តម ថ្លែងថា៖ «ការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។ យើងមើលឃើញពីភាពចាំបាច់របស់អូស្រ្តាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់សំណើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន រួមទាំងហានិភ័យនានាទាក់ទងនឹងជំងកូវីដ១៩»។

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ ស្របតាមច្បាប់ស្តីពីសំណង់ដែលបានដាក់ឱ្យប្រើប្រាស់នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជាបានអនុវត្តច្បាប់ស្តីពីសំណង់មក កម្ពុជាបាននិងកំពុងធ្វើការឥតឈប់ឈរលើការអនុវត្តច្បាប់នេះ។ ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ស្តង់ដារសុវត្ថិភាព ដែលតម្រូវឱ្យត្រូវតែអនុវត្តនៅការដ្ឋានសំណង់ គឺជាការចាំបាច់ និងមានសារៈសំខាន់ណាស់៕

- Video Advertisement -