កម្ពុជា និងថៃ នឹងបើកច្រកទ្វារព្រំដែនថ្មីមួយនៅពេលឆាប់ៗនេះ

កម្ពុជា និងថៃ កាលពីថ្មីៗនេះ បានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ ភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវនៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងពេលឆាប់ៗនេះ

នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់នៅថ្ងៃទី១១ ខែតុលានេះ។

ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «ខាងយើង បានត្រៀមខ្លួនហើយ នៅស្ទឹងបត់ យើងបានបង្កើតអន្តោប្រវេសន៍ផ្លូវការហើយ ខាងគយ យើងក៏បានរៀបចំជាមន្រ្តីគយពីច្រកទ្វារព្រំដែនប៉ោយប៉ែតឱ្យមកជួយការងារសិន ព្រោះយើងបើកបណ្តោះអាសន្នទេ»។

បើតាមឯកឧត្តម គឺនៅមានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជា ផ្លូវាង ទីលានចតរថយន្ត និងកន្លែងត្រួតពិនិត្យ និងស្នាក់នៅរបស់មន្រ្តី ដែលកំពុងសាងសង់នៅឡើយ។

ទោះយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា មិនបានបញ្ជាក់ពីការបរិច្ឆេទនៃការបើកដំណើរការបណ្តោះអាសន្នច្រកទ្វារព្រំដែនស្ទឹងបត់ ជាមួយនឹងច្រកទ្វារព្រំដែន បាណងអៀន នៅខាងប្រទេសថៃនោះទេ។

ប៉ុន្តែយោងតាមសារព័ត៌មាននៅប្រទេសថៃNNT ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ក្រសួងពាណិជ្ជកម្មថៃ បានយល់ព្រមបើកច្រកទ្វាររួចហើយ ដោយរំពឹងនឹងបើកឆាប់ៗ។

គួរបញ្ជាក់ថា បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ នេះ សម្រេចបានប្រមាណ ២១,០៥% ហើយ ។ (អានបន្ថែម)

- Video Advertisement -