សម្តេច ហ៊ុន សែន នឹងសម្ពោធក្រសួងដែនដីថ្មីនៅខែវិច្ឆិកានេះ និងបន្តសម្ពោធសមិទ្ធិផលនានា

សម្តេច ហ៊ុន សែន បានប្រកាសថានឹងចាប់ផ្ដើមចូលរួមធ្វើជាអធិបតីភាពនៃពិធីសម្ពោធសមិទ្ធិផលនានា ចាប់ពីពេលនេះតទៅ ក្រោយវិបត្តិកូវីដធូរស្បើយមួយកម្រិតធំ ដោយនឹងអញ្ជើញទៅសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ដោយសារការត្រៀមបម្រុងរបស់យើង រៀនរស់នៅជាមួយនឹងជំងឺកូវីដ១៩ ការងារចាប់ផ្ដើមដំបូងរបស់ខ្ញុំ គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់មកទៀត យើងត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដូចជា ស្ពានមិត្តភាពចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀតជាដើម»។

សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ក៏ដោយ។

សូមរំឭកដែរថា សម្ដេច ហ៊ុន សែន ធ្លាប់បានកំណត់យកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ធ្វើជាពិធីសម្ពោធអគារថ្មីទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី តែដោយសារការរីករាលដាល់ជំងឺកូវីដ១៩ ទើបខកខានមិនបានប្រារព្ធ៕

- Video Advertisement -