រដ្ឋបញ្ឈប់ការអនុម័តលើគម្រោងសាងសង់រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីដើម្បីការពារបរិស្ថាន
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយដុតធ្យូងថ្មថ្មីៗទៀតទេ ទិសដៅដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងជំនួបជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាកាលពីសប្តាហ៍មុន។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុយ សែម លើកឡើងពីគោលជំហរសំខាន់ៗរបស់កម្ពុជាក្នុងវិស័យថាមពល ដែលពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុសកលនេះ រួមមានការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។
ឯកឧត្តមថ្លែងថា៖ «ទេ ក្រៅពីគម្រោងដែលរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩ រដ្ឋនឹងមិនរៀបចំគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ»។
ទន្ទឹមនឹងនេះ ឯកឧត្តម បញ្ជាក់ថា រដ្ឋាភិបាលក៏នឹងបន្តលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រថាមពលដុតធ្យូងថ្ម មានអនុភាពសរុប ជាង ៦០០មេហ្គាវ៉ាត និងគម្រោងមួយចំនួនទៀតដែលមានអនុភាពសរុបជាង ១ ៥០០ មេហ្គាវ៉ាត់ ដែលកំពុងស្ថិតក្នុងការសាងសង់ ក្នុងនោះមានគម្រោងរោងចក្រ៧០០ មេហ្គាវ៉ាត់ ចំនួន២ ស្ថិតក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។

