សម្ដេចហ៊ុន សែន គ្រោងចំណាយ ១០០ លានដុល្លារសង់ស្ពានតាម ទន្លេតូច និងស្ទឹងទូទាំងប្រទេស
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារ សង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ។ (អានបន្ថែម)
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាក់ស្ដែង មុនវិបត្តិកូវីដ-១៩ រដ្ឋាភិបាលបានសន្សំសាច់ប្រាក់បានមួយចំនួនធំ។ កន្លងមក ទឹកប្រាក់ជិត ១លានដុល្លារ របស់រដ្ឋផ្ទាល់ត្រូវបានប្រើលើគម្រោងរោងចក្រអគ្គិសនីនៅភ្នំពេញ គម្រោងផ្លូវ ៣៤ខ្សែនៅព្រះសីហនុ និងផ្លូវ៣៨ ខ្សែនៅសៀមរាប ។
សម្ដេចបន្ដថា ពេលនោះយើងនៅសល់ជិត ៣,៥ ពាន់លានទៀត ដែល ២/៣ គឺគ្រោងនឹងចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងនោះសម្ដេចក៏ចង់ចំណាយយ៉ាងហោច ១០០ លានដុល្លារ សាងសង់ស្ពាន។
«ខ្ញុំចង់ឱ្យស្ទឹងព្រែកត្នោត ២ គីឡូម៉ែត្រ មានស្ពាន១។ ទន្លេតូចៗ ស្ទឹងពោធិ៍សាត់ ស្ទឹងមង្គលបូរី ស្ទឹងសង្កែ ស្ទឹងសែន ២-៣ គីឡូម៉ែត្រ ស្ពាន១។ ស្ពាន ១ ត្រឹម១លានដុល្លារ ប្រើតែ១០០លាន បាន ១០០ស្ពាន។ ហើយយើងដាក់ស្ពានឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត» សម្ដេចមានប្រសាសន៍.
«ប៉ុន្តែ ដោយសារវិបត្តិកូវីដ កម្ពុជាបានចំណាយអស់ ២,៣ ពាន់លានដុល្លារ។ ដូច្នេះ ដើម្បីធ្វើស្ពានថ្នល់បាន យើងត្រូវបន្ដសុំជំនួយពីចិន និងដៃគូនានា»។
សម្ដេច ក៏បានបញ្ជាក់ចុងក្រោយថា ប្រទេសចិនជាមិត្តស្អិតរមួតជាមួយកម្ពុជាណាស់ ដោយសារប្រទេសចិនតែងតែជូនតាមសំណើរបស់កម្ពុជា។

