មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំសាងសង់បាន ៩៧% គ្រោងបញ្ចប់នៅចុងខែវិច្ឆិកានេះ
មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន តម្លៃជិត ៥០ លានដុល្លារ ស្ថិតក្នុងខេត្តត្បូងឃ្មុំ មកទល់បច្ចុប្បន្នសម្រេចបាន ៩៧% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកានេះ ដែលនឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ទំនើបខ្នាតធំសម្រាប់ខេត្តត្បូងឃ្មុំ ក្រចេះ រតនគីរី ស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិតូក្រសួង ចុះត្រួតពិនិត្យការដ្ឋានមន្ទីរពេទ្យកាលពីថៃ្ងទី២៣ ខែវិច្ឆិកា កន្លងទៅនេះ។
មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ៥ជាន់ កម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អគាររដ្ឋបាល និងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់។ (អានបន្ថែម)
មន្ទីរពេទ្យមានចំនួនគ្រែសរុប៣០០គ្រែ ដែលសាងសង់ឡើងដោយបំពាក់បរិក្ខារទំនើប ចំណាយទឹកប្រាក់ជិត ៥០ លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។
សូមបញ្ជាក់ថា អគារមន្ទីរពេទ្យនេះត្រូវបានប្រារព្ធពីធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ដោយប្រើពេលសាងសង់សរុប ៤០ ខែ។
ក្រោយពីការបញ្ជប់ការសាងសង់ ក្រសួងសុខាភិបាលនឹងស្នើសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាមពេលវេលាសមស្របនាពេលខាងមុខ៕

