ប្រកាសថ្មី៖ គម្រោងសំណង់ត្រូវឆ្លងកាត់ការពិនិត្យប្លង់សិន ទើបអាចសុំលិខិតអនុញ្ញាតិសាងសង់បាន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញប្រកាសថ្មីមួយ តម្រូវឱ្យគម្រោងសំណង់នានា ត្រូវដាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ឱ្យក្រុមការងារជំនាញរបស់ក្រសួងត្រួតពិនិត្យ និងបញ្ជាក់សិន ទើបអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតផ្សេងទៀតបាន។
បើតាមប្រកាសលេខ ១០៩ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ គឺត្រូវធ្វើជាដាច់ខាត ចំពោះសំណង់គ្រប់ប្រភេទ ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬ/និង រដ្ឋបាលរាជធានីខេត្ត។
ប៉ុន្តែ សំណង់សាសនា និងគម្រោងសំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ពីរដ្ឋបាលថ្នាក់ក្រោម ដូចជា ក្រុង ស្រុក ខណ្ឌ គឺមិនតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់នោះទេ តែអាចធ្វើឡើងបានដោយការស្ម័គ្រចិត្ត។
គួរបញ្ជាក់ថា ការត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ សំដៅដល់ការត្រួតពិនិត្យ ការវិភាគ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីអនុលោមភាព តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ សម្រាប់ការងារសាងសង់ សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ការងាររុះរើ ឬការប្ដូរមុខងារប្រើប្រាស់សំណង់។
បើតាមប្រកាសថ្មីនេះ ម្ចាស់សំណង់ទាំងអស់ ត្រូវចុះកិច្ចសន្យា និងបង់សោហ៊ុយ ជាមួយអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយខ្លួនឯង ដើម្បីអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់របស់ខ្លួន៕

