OCIC និង CAIC លក់មូលបត្របំណុល២០លានដុល្លារឱ្យធនាគារ FTB យកទុនបន្ថែមសង់ព្រលានថ្មី

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបោះផ្សាយសញ្ញាបណ្ណមាន បុគ្គលធានាតម្លៃ ២០លានដុល្លារ លក់ឱ្យទៅធនាគារFTB ដើម្បីប្រមូលទុនយកទៅប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសង់អាកាសយាន្តដា្ឋនភ្នំពេញថ្មី នៅខេត្តកណ្តាល។

បណ្ណបំណុល ឬសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុនCAIC ផ្តល់អត្រាការប្រាក់ ៥,៥% ក្នុងមួយឆ្នាំ រយៈពេល ៣ឆ្នាំ ដោយក្រុមហ៊ុន OCIC ជាក្រុមហ៊ុនធានាលើសញ្ញាបណ្ណនេះ។

កិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា ត្រូវបានចុះហត្ថលេខា ដោយលោកឧកញ្ញា ឆាលស៍ វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន CAIC និងជានាយកប្រតិបត្តិក្រុមហ៊ុន OCIC និងលោកឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារFTB កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។

គួរបញ្ជាក់ថា កាលពីដើមខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន CAIC ក៏បានបោះផ្សាយសញ្ញាបណ្ណមានបុគ្គលធានា តម្លៃ១៥លានដុល្លារ លក់ឱ្យធនាគារ Prince ផងដែរ ដើម្បីរកទុនមកប្រើក្នុងគម្រោងអាកាសយាន្តដា្ឋនភ្នំពេញថ្មី។ (អានបន្ថែម)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីដើមខែវិច្ឆិកា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន២៦% ដោយទឹកប្រាក់សរុបជាង ៣៤៦លានដុល្លាអាមេរិក ត្រូវបានចាក់បញ្ចូលរួចហើយ (មិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច)។

អាកាសយានដ្ឋានលំដាប់ខ្នាត 4F ដែលកំពុងសាងសង់លើទំហំដីជាង ២៥០០ហិកតា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងបញ្ចប់ការសាងសង់និងដាក់ដំណើរការក្នុងឆ្នាំ២០២៣ ។

រូបភាពដោយ៖ គួន សំបូរ

- Video Advertisement -