កម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ
ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។
ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែលនឹងត្រូវបើករួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ច្រកទ្វារអន្តរជាតិគីឡូ១៣ នៅស្រុកសំពៅលូន ដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរ។
លើសពីនេះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យពលរដ្ឋចេញ-ចូលទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃ ៣ ០០០នាក់ និងអ្នកអូសរទេះ ១ថ្ងៃ ៣០០ជើង តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន អាចចូលបាន៣ខែ សម្រាប់ការងារកសិកម្មតាមបន្ទាត់ព្រំដែន។
ខាងភាគីថៃ បានទទួលយកសំណើ ដើម្បីទៅរាយការណ៍ជូនរដ្ឋាភិបាលខ្លួន មុនចេញជាគោលការណ៍ឯកភាព៕

