ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គិតត្រឹមថ្ងៃខែ ធ្នូ ឆ្នាំ ២០២១ នេះ គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ដែលទើបទទួលបានឈ្មោះថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ» សម្រេចបានប្រមាណ ២៧% ហើយ ដោយនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។
នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ៩ ធ្នូ នេះ។
ក្នុងឱកាសនេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CIAC) និងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគសាងសង់លើគម្រោងនេះ បានសរុបលទ្ធផលការងារផ្នែកធំៗ នៃគម្រោងដូចខាងក្រោម៖
១) ការងារសាងសង់ស្ថានីយអ្នកដំណើរទំហំជាង ២៤ ម៉ឺនម៉ែត្រការ៉េ ដោយក្រុមហ៊ុន China Construction សម្រេចបាន ២៩% គ្រោងបញ្ចប់ឆ្នាំ ២០២៣
២) មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលដែលកំពុងសាងសង់ដោយក្រុមហ៊ុនដដែលសម្រេចបាន ៥៥% គ្រោងបញ្ចប់ចុងឆ្នាំ ២០២២
៣) ទីលានចំណតយន្តហោះ ១៨៩ ហិកតា ដែលកំពុងសង់ដោយក្រុមហ៊ុន Shanghai សម្រេចបាន ២១% ដោយការងារចាក់បេតុងផ្លូវរត់គ្រោងចាប់ផ្ដើមនៅ ខែមករា ២០២១ និងគ្រោងបញ្ចប់ឆ្នាំ ២០២៣
៤) ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស Air Traffic Control Tower កម្ពស់ ១១៨ម៉ែត្រ ដោយក្រុមហ៊ុន Canasino សម្រេចបាន ៤០% គ្រោងប្រគល់ឱ្យក្រុមហ៊ុន Cambodia Air Traffic Service ខែកក្កដា ឆ្នាំ ២០២២ ដើម្បីដំឡើងឧបករណ៍
៥) ផ្លូវតភ្ជាប់ ព្រលានទៅ ផ្លូវ៦០ម៉ែត្រ ដោយក្រុមហ៊ុន CHIC ដែលរួមមាន ផ្លូវប្រវែង ១១,៧គ.ម និងស្ពានបេតុង ២ ឆ្លងកាត់ស្ទឹងព្រែកត្នោត សម្រេចបាន ២៤% គ្រោងបញ្ចប់ឆ្នាំ ២០២១
៦) ការងារជីកប្រឡាយជុំវិញព្រលាន ប្រវែង២០គ.ម សម្រេចបាន ៤០% គ្រោងបញ្ចប់ឆ្នាំ ២០២២
៧) អគារផ្សេងៗ ចំនួន ១៩ អគារ ស្ថានីយភ្ញៀវ VIP ស្ថានីយទឹកកខ្វក់ ស្ថានីយសំណល់រឹង ស្ថានីយជួសជុលយាន្តយន្ត ស្ថានីយស្ដុកប្រេង ស្ថានីយស្ដុកទំនិញ ស្ថានីយពន្លត់អគ្គីភ័យ និងអនុស្ថានីយអគ្គិសនីជាដើម កំពុងខួង និងបុកគ្រឺះ ដែលសម្រេច ៤០% និងគ្រោងបញ្ចប់ឆ្នាំ ២០២៣
៨) ការងារស្ដារបឹងជើងលោក សម្រេចបាន ១៨ ហិកតា ដោយជីកពី ៥ ទៅ ២២ម៉ែត្រ ហើយគ្រោងស្ដារបន្ថែម ១០០ ហិកតា នៅឆ្នាំ ២០២២
អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC បញ្ជាក់ថា វិបត្តិកូវីដ និងទឹកជំនន់ក្នុងរដូវវស្សាបានបង្កភាពរអាល់រអួលមួយចំនួនលើគម្រោង ពិសេសលើការនាំចូលសម្ភារៈសំណង់ និងអ្នកជំនាញ ប៉ុន្តែក្រុមហ៊ុននៅតែយកឈ្នះឧបសគ្គនេះបាន ហើយបន្ដសាងសង់តាមផែនការ។
គិតត្រឹមបច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយទុនសរុបប្រមាណ ៣៧៥លានដុល្លារ ទៅលើគម្រោងនេះ ដោយនឹងគ្រោងបន្ថែម ៤៤៧ លានទៀតនៅក្នុងឆ្នាំ ២០២២ ខណៈតម្លៃវិនិយោគសរុបរបស់គម្រោងទាំងមូលគឺ ១៥០០ លានដុល្លារ ដោយមិនរួមតម្លៃដី។
គម្រោងនេះកំពុងប្រើប្រាស់កម្លាំងពលកម្មសរុប ៣៧៤០ នាក់ ដោយមានពលកម្មក្នុងស្រុកចំនួន ៣១២៥ នាក់ និងបរទេស ៦១៥ នាក់។ ជាមួយនឹងគម្រោងនេះទៀតសោត ក្រុមហ៊ុនក៏បាន និងកំពុងបណ្ដុះបណ្ដាលធនធានមនុស្សរាប់ពាន់អ្នក លើផ្នែកជាច្រើនទាក់ទិននឹងវិស័យសំណង់ ដែលពួកគេនឹងក្លាយជាធនធានមានមនុស្សគុណភាពនៅពេលអនាគត។
គួរបញ្ជាក់ថា ដើម្បីស្វែងរកទុនបន្ថែម ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ក៏បានបោះផ្សាយសញ្ញាបណ្ណមានបុគ្គលធានាក្នុងតម្លៃសរុបប្រមាណ ៣០០លានដុល្លារ ដោយកន្លងមកបានលក់ឱ្យធនាគារ ក្រុមហ៊ុនធានារា៉ប់រង ស្ថាប័នរដ្ឋ និងស្ថាប័នហិរញ្ញវត្ថុនានា បានជាង ៨៧លានដុល្លាររួចហើយ។ (អានបន្ថែម)

