ផ្សារទំនើបយក្ស AEON ចូលប្រឡូកទីផ្សារដឹកជញ្ជូន ត្រៀមបើកឃ្លាំងព័ស្តុភារពហុមុខងារឆ្នាំ២០២៣

ក្រៅពីវិនិយោគបង្កើតផ្សារទំនើបខ្នាតធំចំនួន ៣ នៅកម្ពុជា ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd សម្រេចចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣ ខាងមុខ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញថ្ងៃទី ១១ មករា កន្លងទៅ ដើម្បីអនុវត្តផែនការនេះ Aeon សម្រេចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីឈ្មោះថា Aeon Mall (Cambodia) Logi Plus Co., Ltd ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើអាជីវកម្មផ្នែកនេះ។

ក្រុមហ៊ុនថ្មីនេះ នឹងបើកដំណើរការមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ដែលនឹងមានផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយ ក្នុងការគ្រប់គ្រងនិងដឹកជញ្ជូនទំនិញនាំចូល (Fulfillment service) និង សេវាកម្មសម្របសម្រួលនីតិវិធីគយ (Customs clearance) នៅក្នុងភណ្ឌាគារគយមានដែនកំណត់ (Bonded Warehouse) របស់ខ្លួន។

គួរបញ្ជាក់ថា ភណ្ឌាគារគយមានដែនកំណត់ ប្រៀបដូចនឹងឃ្លាំងស្ដុកដែលឱ្យក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។
ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ក្នុងទីផ្សារកម្ពុជាជាក់ស្ដែង ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញដែលនាំចេញពីឃ្លាំង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃបានយ៉ាងច្រើន ដោយក្រុមហ៊ុននានា មិនចាំបាច់បង់ពន្ធសរុបម្ដងទាំងអស់។

មជ្ឈមណ្ឌលពហុមុខងារនេះ នឹងត្រូវសាងសង់នៅលើផ្ទៃដី ៣០ ០០០ម៉ែត្រការ៉េ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ដោយគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៣ខាងមុខ។

ក្រុមហ៊ុន Aeon ប្ដេជ្ញាថានឹងបង្កើនភាពងាយស្រួលជូនអតិថិជន ព្រមទាំងផ្ដល់ឱកាសអាជីវកម្ម និងសេវាកម្មជាច្រើនប្រភេទ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]