រដ្ឋនឹងបោះទុនសង់រោងចក្រវ៉ាក់សាំងខ្លួនឯង បើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយមិនសង់
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹងបញ្ចេញលុយរដ្ឋ មកសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយនៅមិនព្រមសាងសង់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានចោទសួរក្រសួងសុខាភិបាលពីភាពយឺតយ៉ាវនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជា ដោយបញ្ជាឱ្យរាយការណ៍ជូនសម្ដេចជារៀងរាល់សប្ដាហ៍ ហើយថាប្រសិនជាក្រុមហ៊ុនធ្វើមិនកើតឱ្យដកអាជ្ញាបណ្ណចេញវិញ ទុកឱ្យរដ្ឋជាអ្នកធ្វើវិញ។
សម្តេចបន្តដូច្នេះថា «ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន យើងមិនឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបានឆាប់ ហើយក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាច យករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»។
គួរបញ្ជាក់ដែរថា ការប្រកាសថារដ្ឋនឹងបញ្ចេញលុយសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ និងព្រមានដកអាជ្ញាបណ្ណក្រុមហ៊ុនផលិតវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលចេញវិញនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលការរាយការណ៍ពីភាគីចិនថា ភាគីកម្ពុជាមានការយឺតយ៉ាវក្នុងការបង្កើតរោងចក្រផលិត៕

