ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមការគ្រោងទុក។ នេះបើសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងបន្តថា នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងជំហានទី១ ដែលមានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦០% ។ក្នុងនោះគម្រោងនេះ បានបែងចែកការដ្ឋានជាបីផ្នែកធំៗរួមមាន៖
-ផ្នែកទី១ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល អាងកូរយឺត-លឿន អាងរងកករ អាងច្រោះ អាងស្តុកទឹក អគារដាក់វត្ថុធាតុដើម អគារក្ល័រ មន្ទីរពិសោធ៍ទឹក ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។
-ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% និង ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។
-ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖ ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម ប្រវែង ៧គម សម្រេចបាន ៩០% និងការងារខួងក្រោមបាតទន្លេសាបដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម សម្រេចបាន ៥០%។
ចំណែកការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ជិត៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បច្ចុប្បន្នការងារសាងសង់រោងចក្រនេះ ក៏សម្រេចបានប្រមាណ៣៧%ផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងនេះ គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះ ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
គម្រោងនេះ បានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការកាលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា នឹងពន្លឿនការងារសាងសង់រោងចក្រនេះ ឱ្យបានទាន់តាមផែនការដែលបានគ្រោងទុក ក៏ដូចជាការសិក្សាផែនការមេរហូតដល់ឆ្នាំ២០៣០ ដើម្បីបំពេញនូវសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅថែមទៀត៕