ក្រសួងដាក់ចេញនូវយុទ្ធសាស្រ្តធំៗ២ ដើម្បីធានាសុវត្ថិភាពទឹកតាមបណ្តាខេត្តតំបន់សមុទ្រ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន២ ដើម្បីធានាបានលើសុវត្ថិភាពទឹកក្នុងបណ្តាខេត្តតំបន់មាត់សមុទ្រ។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងពេលចុះពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា រាល់ការអនុវត្តសកម្មភាពជោគជ័យរបស់ក្រសួងកន្លងមក គឺកើតចេញពីការគិតគូគ្រប់ជ្រុងជ្រោយ និងដោយបានការចូលរួមសហការដ៏ល្អពីសំណាក់ដៃគូពាក់ព័ន្ធ។
ឯកឧត្តមបន្ថែមថា ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមមានការធានា និងដោះស្រាយលើបញ្ហាសន្តិសុខសុវត្ថិភាពទឹកក្នុងបណ្តាខេត្តនៅតាមតំបន់សមុទ្រ ឯកឧត្តមរដ្ឋមន្ដ្រី បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួនពីរ រួមមាន៖ ទី១. ធ្វើការជួសជុលស្តារឡើងវិញ និងសាងសង់ឲ្យបានច្រើនលើប្រព័ន្ធទំនប់ប៉ូលឌែរ នៅក្នុងតំបន់ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ និង ២. ធ្វើការកសាងឲ្យបានច្រើននូវអាងស្តុកទឹកដែលត្រូវប្រមូលចាប់យកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនៃតំបន់ Costal Corridors ជាដើម។
គួរបញ្ជាក់ដែរថា តាមរយៈសកម្មភាពចុះពិនិត្យការងារធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង ក្រសួង ក៏បានធ្វើការកសាងនូវផែនការការងារមេសម្រាប់ធ្វើការជួលជុលស្តារឡើងវិញលើប្រព័ន្ធទំនប់ការពារព្រៃទាំងអស់ អាងស្ទាក់ទឹកលើព្រែកទាំងប្រាំរបស់ខេត្ត ជួសជុលស្តារឡើងវិញលើអាងទឹកទាំងប្រាំរបស់ខេត្ត ធ្វើការជួសជុលស្តារឡើងវិញនូវស្រះទឹក និងបឹងបួ អូរធម្មជាតិនានារបស់ខេត្ត ដើម្បីដោះស្រាយបញ្ហាអសន្តិសុខទឹករបស់ខេត្តនេះផងដែរ៕

