ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញបើកការដ្ឋានសាងសង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ស្តង់ដារបច្ចេកទេស ដែលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមីសម្រាប់វិស័យកសិកម្មក្នុងស្រុក។
ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ឧសភា នេះ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងចូលរួមកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ និងការពង្រីកទីក្រុង ។
ឯកឧត្តម ឃួង ស្រេង លើកឡើងថា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់ ។
តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើឱ្យអោយប៉ះពាល់បរិស្ថាន។
កសាងលើលើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល គម្រោងនេះ ស្ថិតនៅក្រោមគម្រោងហិរញ្ញប្បទានរបស់សមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។

