ស្ថានីយផលិតជីសរីរាង្គតម្លៃជិត ២លានដុល្លារ នៅសៀមរាបបើកការដ្ឋានជាផ្លូវការ

រដ្ឋបាលខេត្តសៀមរាប បានបើកការដ្ឋានជាផ្លូវការនូវស្ថានីយផលិតជីសរីរាង្គពីកាកសំណល់លូទឹកស្អុយ ដែលមានតម្លៃប្រមាណ ១,៧លានអឺរ៉ូ ស្មើនឹងជាង ១,៨លានដុល្លារអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថា AIMF។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

គម្រោងនេះ បានបើកការដ្ឋានសាងសង់ ស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប រួមមាន ការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់ និងដាំប្រភេទរុក្ខជាតិដើមត្រែង។

ក្រោយសាងសង់រួច ស្ថានីយនេះ មានសមត្ថភាពផ្ទុកបាន ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចផលិតជីបានប្រមាណ ១០០០គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។

ក្នុងឱកាសនោះ​ផងដែរ​ លោក ប្រាក់​ សោភ័ណ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់ ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយ AIMF គម្រោងសាងសង់នេះ ជាគម្រោងទី២ បន្ទាប់ពីស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់​ដំបូងគេនៅរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ (អានបន្ថែម)

- Video Advertisement -