កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជីង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។
ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Sinovac Life Sciences Co., Ltd.។
ឯកឧត្ត មម ប៊ុនហេង លើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ អាចឲ្យកម្ពុជាមានលទ្ធភាពវេចខ្ចប់វ៉ាក់សាំង ដែលចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។
គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល៣ឆ្នាំ (២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើបា្រស់ក្នុងប្រទេស៕

