កម្ពុជាស្នើកូរ៉េខាងត្បូងជួយសង់រោងចក្រទឹកស្អាត១ទៀតនៅខេត្តកណ្តាល

រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងដាក់ស្នើគម្រោងរោងចក្រទឹកស្អាតមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានទីតាំងនៅតំបន់អាកាសយានដ្ឋានតេជោអន្តរជាតិតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ទៅប្រទេសដៃគូអភិវឌ្ឍន៍ កូរ៉េខាងត្បូង។​

គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម​ ឡុង ណារ៉ូ អគ្គនាយកដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែមិថុនា។

ឯកឧត្តម បញ្ជាក់ថា គម្រោងទឹកស្អាតនេះ ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងត្រូវដាក់ក្នុងកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខ ដោយមានការចូលរួមពីភាគីកូរ៉េខាងត្បូង និងរដ្ឋាករទឹកស្វយ័តភ្នំពេញ។

ឯកឧត្តម​ ឡុង ណារ៉ូ ថ្លែងថា៖ “រដ្ឋាករទឹកត្រូវចូលរួម ដើម្បីផ្តល់នូវគម្រោងជូនដល់កូរ៉េ គឺមានគម្រោងទឹកស្អាតនៅតំបន់ព្រលានយន្តហោះថ្មី ដែលត្រូវការបរិមាណផលិតទឹកប្រមាណជា ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តំបន់តំបន់យន្តហោះថ្មីនៅខេត្តកណ្តាល”។

បន្ថែមពីលើនេះ រដ្ឋាករទឹក បានផ្តល់គម្រោងរោងចក្រទឹកស្អាតថ្មីមួយ នៅតំបន់អរិយក្សត្រដល់ភាគីកូរ៉េរួចហើយ។

ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតនៅក្រុងតាខ្មៅ រដ្ឋាករទឹក បាននិងកំពុងរៀបចំការ ដ្ឋានពង្រីករោងចក្រផលិតទឹកស្អាត មានបរិមាណផលិត ៣ម៉ឺនម៉ែត្រគូប ក្នុងថ្ងៃ នៅលើទីតាំងចាស់នៃរដ្ឋាករទឹកក្រុងតាខ្មៅ ក្រោមជំនួយរបស់ប្រទេសជប៉ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]