ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តសម្រាប់ ៥ខេត្ត នៅអង្គស្នួលបើកសម្ពោធជាផ្លូវការហើយ
ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក មានទីតាំងនៅក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។
នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
បើតាមលោក ស៊ិន សូវី នាយករដ្ឋបាលស្រុកអង្គស្នួលបានឲ្យដឹងថា ឡប្រព្រឹត្តកម្មនេះ មិនត្រឹមតែអាចធ្វើប្រព្រឹត្តកម្មសំណល់គ្រោះថ្នាក់ចេញពីវិស័យសុខាភិបាលក្នុងខេត្តកណ្តាលប៉ុណ្ណោះទេ តែអាចទទួលយកសំណល់គ្រោះថ្នាក់ពីខេត្តចំនួន ៥ទៀតរួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។
បន្ថែមពីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីសម្ពោធថា «ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ដែលបានដំឡើង និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសគឺបានឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យា កំណើនប្រជាពលរដ្ឋ តម្រូវការនៃការប្រើប្រាស់ផលិតផលគ្រប់មុខសព្វបែបយ៉ាង ដែលផលិតផលខ្លះ កាកសំណល់របស់វា នឹងក្លាយទៅជាកាកសំណល់ដែលផ្ទុកទៅដោយសារធាតុគីមី វិទ្យុសកម្ម ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស»។
ឯកឧត្តមអភិបាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមានឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ក្នុងការប្រមូល គ្រប់គ្រង និងធ្វើប្រព្រឹត្តិកម្មសំណល់គ្រោះថ្នាក់ ក្នុងគោលដៅកាត់បន្ថយ ឬឈានដល់ការលុបបំបាត់នូវផលប៉ះពាល់ ដូចជាការកើតជំងឺផ្សេងៗ ចំពោះមនុស្ស សត្វ និងរុក្ខជាតិ ដោយសារសំណល់គ្រោះថ្នាក់ ដែលមានសារធាតុគីមីទាំងនោះ។
ជាមួយគ្នានេះផងដែរ កន្លងមក ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន បានសាងសង់ដំឡើងឡប្រព្រឹត្តកម្ម និងបំពាក់រថយន្ត ម៉ូតូដឹកជញ្ជូន ព្រមទាំងសម្ភារបរិក្ខារនៅតាមបណ្តាខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ រួចមកហើយ។ (អានបន្ថែម)
ក្នុងរយៈពេល ២ឆ្នាំខាងមុខនេះ ចាប់ពីឆ្នាំ២០២៣ ទៅ ក្រុមហ៊ុន នឹងវិនិយោគពង្រីកការសាងសង់ និងដំឡើងឡប្រព្រឹត្តកម្មវេជ្ជសាស្ត្រ និងមធ្យោបាយដឹកជញ្ជូននៅគ្រប់២៤ ខេត្ត។

