រោងចក្រដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ ត្រូវបានសម្ពោធឲ្យដំណើរការហើយ

រោងចក្រផលិតរថយន្តម៉ាក Ford តម្លៃជាង ២១លានដុល្លារ នៅលើទឹកដីខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកថា សមិទ្ធផលដែលកើតមាននាពេលនេះ គឺមោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដើម្បីបំពេញតម្រូវការជូនពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA Automotive (Cambodia) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម)

បច្ចុប្បន្នរោងចក្រនេះបានស្ថាបនារួចរាល់ជាស្ថាបពរហើយ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

រោងចក្រនេះ នឹងផ្គុំ ដំឡើងរថយន្ត Ford Ranger និងរថយន្ត Ford Everest ដោយគ្រោងនឹងដំឡើងរថយន្តចំនួនសរុប ៤៥០០គ្រឿង នៅក្នុងឆ្នាំទី ១ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជាតែមួយប៉ុណ្ណោះ៕

- Video Advertisement -