ក្រសួងកំពុងជំរុញការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀមរាបឱ្យមាននិរន្តភាព
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានផ្សព្វផ្សាយសៀវភៅស្តីពីលើកកម្ពស់ការយល់ដឹងជាសាធារណៈរបស់ប្រជាពលរដ្ឋអំពីបណ្តាញលូ ប្រព័ន្ធចម្រោះ និងសេវាកម្មទឹកកខ្វក់នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីសិក្ខាកាម ៦០ នាក់នៅក្នុងក្រុងសៀមរាប។
នេះបើតាមសិក្ខាសាលា ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋាន នៃអង្គការសហប្រជាជាតិ (UN-Habitat)។
សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ និងភាពចាំបាច់នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីឲ្យមានការចូលរួមថែរក្សាបណ្តាញលូ និងទឹកកខ្វក់ ក្នុងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ប្រកបដោយនិរន្តភាព។
ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានមានប្រសាសន៍ថា បញ្ហាទឹកកកខ្វក់ដែលបង្កពីសកម្មភាពផ្សេងៗ បានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ បង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ។
ឯកឧត្តមអគ្គនាយក បានបន្ថែមថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជាចម្បង និងបានដោះស្រាយលើបញ្ហានេះ ដោយសាងសង់បណ្តាញលូទឹកភ្លៀង បណ្តាញលូទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។

