កម្ពុជា-ថៃ សិក្សាពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC ប្រទេសថៃ បានពិភាក្សាគ្នាលើលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា រវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោក Peter Bachner ជាទីប្រឹក្សាវិទ្យាស្ថានតេជោសែន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

ក្នុងកិច្ចប្រជុំ ក្រុមហ៊ុន SEAC បានធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុន ដែលមានបទពិសោធន៍ធ្វើការបណ្តុះបណ្តាលជំនាញផ្នែកទន់ ភាពជាអ្នកដឹកនាំ និងផ្នត់គំនិតនៅក្នុងប្រទេសថៃ ប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត អស់រយ:ពេល៣០ឆ្នាំ ដែលបានបណ្តុះបណ្តាលទាំងស្ថាប័នរដ្ឋ ឯកជនធំៗ និងស្ថាប័នអប់រំផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះសមត្ថភាព របស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន និងបានណែនាំឱ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សិក្សាស្វែងយល់បន្ថែមលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពទៅថ្ងៃអនាគត។

- Video Advertisement -