អូស្ត្រាលីជួយកម្ពុជាលើកកម្ពស់ផាសុកវត្ថុរូបវន្តសម្រាប់ជនមានពិការភាព
ប្រទេសអូស្ត្រាលី បានគំាទ្រកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវផាសុកវត្ថុរូបវន្តសម្រាប់ជនពិការភាព តាមរយៈសិក្ខាសាលាស្តីពីការរចនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
នេះបើតាមសិក្ខាសាលា ធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រោមការគាំទ្ររបស់កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា សម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS)។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងលើកទឹកចិត្តសិស្សនិស្សិត វិស្វកម្ម និងស្ថាបត្យកម្ម ឱ្យចូលរួមក្នុងការប្រកួតប្រជែងការរចនាតាក់តែងគំរូផាសុកវត្ថុរូបវន្តសម្រាប់ជនមានពិការភាព។
កម្មវិធីសហប្រតិបត្តិការនេះ បានដាក់ចេញនូវការផលិតឈុតគំនូរជីវចលចំនួន៥ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសាងសង់ជម្រាលសម្រាប់ជនមានពិការភាពចំនួន ២៥កន្លែង ដែលជាគំរូប្រកបដោយផាសុកវត្ថុរូបវន្ត។
គួរបញ្ជាក់ថា កន្លងមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ (អានបន្ថែម)

