ផ្លូវប្រវត្តិសាស្ដ្រ ១ខ្សែ បានបើកដំណើរការផ្លូវការថ្ងៃនេះ ក្រោយបិទបញ្ចប់ដំណើរការសាកល្បងរយៈពេល១ខែ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង១៨៧គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា  ត្រូវបានបើកឱ្យធ្វើចរាចរណ៍សាកល្បងហើយ ដែល សឱ្យឃើញពីសមិទ្ធិផលនៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាមួយទៀតរបស់កម្ពុជា។

ផ្លូវនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពភស្តុភាររបស់ប្រទេស ដោយកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ ពោលគឺកាត់បន្ថយពេលធ្វើដំណើររវាងប៉ូលសេដ្ឋកិច្ច២ នៃប្រទេស ពី៥-៦ម៉ោង មកត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ។

យោងតាមទិន្នន័យក្រសួងសាធារណការ និងដឹងជញ្ជូន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ចំនួនយានយន្តដែលចរាចរសរុបលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានដល់ទៅ ៨០,២៣១ គ្រឿង ដែលបើគិតជាមធ្យម គឺប្រមាណ ១១ ៤៦០ ក្នុង១ ថ្ងៃ។

ក្នុងចំនួននេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនផងដែរ  នេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមការវវិនិយោគ ២ ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC)  ក្នុងលក្ខសណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល ៥០ ឆ្នាំ។

សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់នេះថា គម្រោងនេះនឹងជំរុញការតភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំង២ របស់កម្ពុជា ពោលគឺភ្នំពេញ និង ខេត្តព្រះសីហនុ ដែលច្រកសេដ្ឋកិច្ចសំខាន់នៃប្រទេស។

ក្រៅ​ពី​ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ រដ្ឋាភិបាល​កម្ពុជា​ក៏គ្រោងនឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទី ២ ​តភ្ជាប់​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ព្រំដែន​វៀតណាម​ក្នុង​ពេល​ឆាប់ៗ។

យោងតាមការសិក្សាបឋម ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមបាវិត។

រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន CRBC រួច​ហើយ។ ក្រុមហ៊ុននឹងសិក្សា និងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅឆ្នាំនេះ ដើម្បីចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២៣។ នេះបើយោងតាម ​​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លើសពីនេះ កម្ពុជា និងវៀតណាមក៏បានចុះកិច្ចព្រមព្រៀងលើចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា និងផ្លូវល្បឿនលឿន Moc Bai- HCMC របស់វៀតណាមផងដែរ ដោយភាគីវៀតណាមនឹងចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនផ្នែករបស់ខ្លួននាពេលឆាប់ៗនេះ។

ដើម្បីជំរុញការងារ គណៈកម្មាធិការអន្តរក្រសួងក៏ត្រូវបានបង្កើតឡើង ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន និងមន្ត្រីជាន់ខ្ពស់៣ រូបទៀតមកពីក្រសួងពាក់ព័ន្ធ ជាអនុប្រធាន ព្រមនឹងសមាជិក ១៥ រូប។

គណៈកម្មាធិការអន្តរក្រសួងនេះមានភារកិច្ចពិនិត្យ និងផ្តល់យោបល់លើនីតិវិធី ក្របខ័ណ្ឌច្បាប់ និងទិដ្ឋភាពរួមនៃការវិនិយោគលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

 

- Video Advertisement -