ក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសង់កន្រ្តកខ្សែកាប ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា
ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានបំណង់ចង់វិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។
បើតាមជំនួបរវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ វិច្ឆកា ២០២២។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះឱ្យបានកាន់តែច្រើន។
ឯកឧត្តមបន្ត ក្រសួងបានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍ ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹកជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់ និងកំពុងអនុវត្តគម្រោងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប។

