កម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈធំ

កម្ពុជា បានស្នើទៅជប៉ុនជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទី​ក្រុង​​ភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ នេះបើតាមជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហឺរ៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យបើកជើងហោះហើរឡើងវិញនេះ គឺដោយសារបច្ចុប្បន្ន ជប៉ុនបាន​បើកឡើងវិញ​នូវការ​ហោះ​ហើរត្រង់ទៅមកជាមួយប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាប្រទេសថៃ វៀតណាមជាដើម។

ហេតុដូច្នេះហើយ កម្ពុជាក៏បានស្នើឱ្យប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញ​កំណើន​ទេសចរ​ទៅមករវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានសន្យារ នឹងនៅតែបន្តខិតខំ ដើម្បីពង្រីកទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹង​ការជំរុញជើងហោះហើ​រត្រង់ឡើង​វិញ​រប​ស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។

គួរជម្រាបថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទ​ទួលបានភ្ញៀ​វទេសចរក​ម្ពុជាប្រ​មាណ​ជាង​៧,០០០​នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន​ប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។

 

- Video Advertisement -