អាកាសចរណ៍ចិន-កម្ពុជានៅមិនទាន់បន្ដ ទោះចិនបើកប្រទេសហើយក្តី
ក្រោយប្រទេសចិនប្រកាសបើកប្រទេសរបស់ខ្លួនឡើងវិញ ស្ថានភាពការហោះហើររវាងប្រទេសកម្ពុជា និងចិន គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ នៅមិនទាន់មានការវិវត្តគួរឲ្យកត់សម្គាល់នៅឡើយដោយកម្ពុជាត្រូវរង់ចាំមើលកត្តាមួយចំនួន ទើបអាចវាយតម្លៃពីការងើបឡើងវិញនៃទីផ្សារនេះ។
បើយោងតាមទិន្នន័យរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក កម្ពុជាមានជើងហោះហើររវាងចិន និងកម្ពុជាចំនួន៣០ជើងក្នុងមួយសប្តាហ៍ (កូតាកំណត់ដោយភាគីចិន) មានន័យថាក្រុមហ៊ុនអាកាសចរណ៍ខ្មែរចេញទៅប្រទេសចិនចំនួន១៥ ក្នុងមួយសប្ដាហ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនអាចធ្វើការហោះហើរមកកាន់ប្រទេសកម្ពុជា ចំនួន១៥ជើងក្នុងមួយសប្ដាហ៍ដូចគ្នាផងដែរ។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៦ កំពុងហោះហើរចេញ-ចូលកម្ពុជា បន្ទាប់ពីចិនបានប្រកាសបើកប្រទេសចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។
លោកបានបន្តថា ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ។ ប៉ុន្តែ ស្ថានភាពអាកាសចរណ៍រវាងប្រទេសទាំងពីរនៅមិនទាន់ប្រាកដប្រជានោះទេ ដោយសារក្រុមហ៊ុនចិនទាំងនោះបានត្រឹមស្នើសុំទីចំណតបំរុងប៉ុណ្ណោះ ដែលមិនមែនជាសូចនាករច្បាស់លាស់ ដូច្នេះកម្ពុជាត្រូវរាប់ចំនួនការស្នើសុំការអនុញ្ញាតិចុះចត ទើបអាចវាយតម្លៃជាក់លាក់បាន។
លោកបានគូសបញ្ចាក់ថា “ប្រទេសកម្ពុជា ក៏បានស្វាគមន៍ដល់ការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនចិន ពីខេត្តសក្តានុពលទាំងឡាយមកកាន់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលយើងមិនទាន់ដឹងច្បាស់ គឺចំនួនជើងហោះហើរ ដោយសារយើងពិនិត្យមើលឃើញមាននិន្នាការស្នើសុំទីចំណតបំរុងឡើងវិញ តែយើងមិនអាចរាប់បានទេ ដោយសារការសុំទីចំណតបំរុង មិនមែនជាសូចនាករជាក់លាក់នោះទេ។ យើងរង់ចាំមើលការស្នើសុំការអនុញ្ញាតិចុះចតសិន ទើបអាចរាប់បានថាជាចំនួនជាក់លាក់”។
លោកបានបញ្ជាក់ថា ដោយការលុបចោលនូវគោលនយោបាយសូន្យកូវីដ ដោយគ្មានការកំណត់កូតាទៀត យើងរំពឹងទុកថា ជើងហោះហើរ រវាងប្រទេសចិន និងកម្ពុជា នឹងមានការកើនឡើងជាលំដាប់បន្ទាប់ពីចូលឆ្នាំចិនរួច៕
- Video Advertisement -