ព្រលានយន្តហោះអរន្តជាតិថ្មីខេត្តសៀមរាបសម្រេចបាន ៧៥ភាគរយហើយ
គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានប្រមាណ ៧៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ជាមួយនឹងការហោះហើរសាកល្បងតេស្តឧបករណ៍នៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
នេះបើយោងតាមលោក ZOU YUHUI ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co., Ltd ថ្លែងនៅក្នុងដំណើរទស្សនៈកិច្ច ដើម្បីស្វែងយល់លក្ខណៈបច្ចេកទេសសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។ លោកបានបញ្ជាក់ថា ការសាងសង់បានចំណាយទឹកប្រាក់ សរុបអស់ចំនួន ៦២០លានដុល្លារហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុមិត្តភាពកម្ពុជាចិន ចេញផ្សាយនៅថ្ងៃទី ១៣ ខែកុម្ភៈ។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានចាត់ទុកថា នេះជាការវិវត្តន៍ដ៏ល្អមួយ ប៉ុន្តែលោកបានជំរុញឲ្យក្រុមហ៊ុនត្រូវខិតខំពន្លឿនការសាងសង់បន្ថែមទៀត ដើម្បីឲ្យទាន់តាមការកំណត់បើកទទួលការចុះចត ដែលនឹងត្រូវធ្វើឡើងនៅខែតុលា ឆ្នាំ ២០២៣ ខាងមុខ។
ឯកឧត្តមបានលើកឡើងទៀតថា ព្រលានយន្តហោះសៀមរាបអង្គរនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាងមួយដែលជួយពន្លឿនចក្ខុវិស័យ និងទស្សនៈទានក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ក៏ដូចជាបង្កការងាយស្រួល ដល់អ្នកទេសចរអន្តរជាតិតាមរយៈការព្យាយាមធ្វើឲ្យបាន នូវការតភ្ជាប់ការហោះហើរក្នុងតំបន់ និងការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារនៅតាមតំបន់នានាក្នុងពិភពលោកផងដែរ។
ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានថ្មីនេះ ក៏បានបង្ហាញនូវសញ្ញាណវិជ្ជមានថ្មីមួយសម្រាប់ជំរុញឱ្យមានកំណើន និងទម្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ ជាពិសេសបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោកជាដើម។
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម)
- Video Advertisement -