ក្រសួងនឹងចេញរបាយការណ៍លម្អិតពីគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់សមុទ្រកែបដាច់ខែនេះ
ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចេញរបាយការណ៍លម្អិតស្តីពីការសិក្សាលើគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់ទៅសមុទ្រខេត្តកែប ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជា នៅដំណាច់ខែនេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចានថុល ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារ គម្រោងនេះនឹងត្រូវដាក់ទ្វារទឹកចំនួន ០៣ គឺ ១.ទ្វារទឹកពីទន្លេមេគង្គចូលទន្លេបាសាក់ ២. ទ្វារនៅតាកែវ ៣. ទ្វារទឹកនៅកែប ដើម្បីទប់ទឹកប្រើប្រាស់រហូតមួយឆ្នាំទៅមួយឆ្នាំ។
«ទ្វាទឹកចំនួន៣នេះ អាចជួយទប់ទឹកជាប់រហូត មិនបាត់ទឹកទេ….. យើងមានអ្នកបច្ចេកទេស និងក្រុមហ៊ុនដែលពិសេសណាស់នៅប្រទេសចិនកំពុងសិក្សាលម្អិតលើគម្រោងមួយនេះ» ឯកឧត្តមបន្ថែម។
«…នេះជាគម្រោងដ៏ធំមួយ ជាគម្រោងដ៏ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន វាអាចជួយកាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា អត់មានការលំបាកនៅតាមទល់ដែនអន្តរជាតិថែមទៀតផង» ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់។
គួររម្លឹកទៀតថា គម្រោងនេះនឹងជួយកាត់បន្ថយចំងាយជាង ១០០គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ដែលមានស្រាប់នេះ គឺចាប់ពីកំពង់ផែភ្នំពេញ ទៅកំពង់ផែប្រទេសវៀតណាម បើធៀបកំពង់ផែភ្នំពេញ ទៅកំពង់ផែដែលចេញនៅកែប និងនៅកំពត។
លើសពីនេះ ចំពោះការរាំងស្ងួត នឹងមិនកើតមានទៀតឡើយ ចំណែកគ្រោះទឹកជំនន់នៅកំពង់ស្ពឺ និងតាកែវ ក៏នឹងកាត់បន្ថយបានច្រើនដោយសារគម្រោងជីកព្រែកពង្រីកទន្លេបាសាក់ថ្មីនេះ។
ឯកឧត្តមបន្ថែមថា ចំពោះផ្នែកបច្ចេកទេស មិនមានបញ្ហាអ្វីទាំងអស់ គ្មានការបង្ហូរទឹកទន្លេមេគង្គចោលទៅសមុទ្រ ឬទឹកប្រៃហូរពីសមុទ្រនៅកែបចូលមកទន្លេបាសាក់នោះទេ ដោយត្រូវបានសិក្សាវាយតម្លៃច្បាស់លាស់ដោយប្រើប្រាស់ឧបករណ៍ដ្រូនហោះសិក្សាពីលើ។
គម្រោងនេះ ត្រូវបានសិក្សាជាង ២ឆ្នាំមកហើយ ដោយបានសិក្សាយ៉ាងលម្អិតពីផលប៉ះពាល់នៃគម្រោងនេះ ជាពិសេសផ្ទះប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ រួមមានស្ពានជាដើម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ដំណើរការដឹកជញ្ជូនតាមផ្លូវទឹក ខណៈកំពង់ផែនៅភ្នំពេញ កំពង់ផែនៅកំពង់ឆ្នាំង កំពង់ផែនៅគីឡូលេខ៦ កំពង់ផែនៅទន្លេបិទ កំពុងសាងសង់ជាបណ្តើរ ដែលកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវថ្នល់ និងចំណាយផ្សេងៗផងដែរ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកនេះ កំពុងសិក្សាដោយចំនួនពីរ គឺក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant។ (អានបន្ថែម)
- Video Advertisement -