នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថ […]
ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់លេខ១ របស់សិង្ហបុរី KEN-PAL(S) PTE LTD ស្នើកម្ពុជាបញ្ជូនពលករផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក គ្រីអរី លីន នាយកប្រតិបត្តិក្រុមហ៊ុន និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ ព្រោះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។
ឯកឧត្តមបានបន្ថែមថា ក្រសួងផ្ទាល់ក៏ធ្លាប់មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។
មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករ ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។
យ៉ាងណាមិញ កម្ពុជាក៏ធ្លាប់បានបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ជាស្ត្រីជំនួយការផ្ទះ ចំនួនជាង ១ពាន់នាក់ ដែលការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ។
គួរបញ្ជាក់ថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។
ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិលផងដែរ។