ជប៉ុនផ្តល់ជំនួយជាង ៣០ម៉ឺនដុល្លារ ដើម្បីសាងសង់សាលា និងជួយជនពិការនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន ០៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា។
កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង ៣ នៅរសៀលថ្ងៃទី៦ ខែមីនានេះ។
ក្នុងនោះ កិច្ចសន្យាជំនួយដែលមានទឹកប្រាក់ចំនួន ១២០,៧៦៨ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
បន្ថែមពីនេះ ថវិកាជំនួយចំនួន ៩១,០០០ដុល្លារអាមេរិក ត្រូវបានផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិលក្នុងស្រុកព្រែកប្រសព្វចំនួន ១ខ្នង មាន៥ បន្ទប់ បង្គន់អនាម័យចំនួន ១ខ្នងមាន ៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន ៧នាក់។
ដោយឡែក ថវិកាជំនួយជាង ៨៩,០០០ដុល្លារអាមេរិក គឺត្រូវបានប្រើប្រាស់សម្រាប់គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា ១១ប្រភេទ នៅមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ក្នុងរាជធានីភ្នំពេញ។
គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលត្រូវការឧបករណ៍សិប្បនិម្មិត រណប ឬសេវាស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលនេះចំនួន៩០០នាក់ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា ជំនួយឥតសំណងជាង ៣០ម៉ឺនដុល្លារនេះ ស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬ ជំនួយឥតសំណងគូសាណូណិ ដែលតាំងឆ្នាំ១៩៩១ មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៦៦លានដុល្លារអាមេរិក និងអនុវត្តបាន ៧០២គម្រោងរួចមកហើយ។
- Video Advertisement -