គម្រោងធំៗជាច្រើនក្នុងឆ្នាំ ២០២០ ដែលកំពុងលើកមុខមាត់ខេត្តសៀមរាប

បើទោះជាវិស័យទេសចរណ៍នៅខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដយ៉ាងណាក្ដី ខេត្តសៀមរាបក៏នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទទួលស្វាគមន៍គម្រោងវិនិយោគនានា ក្នុងគោលបំណងដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្រោយវិបត្តិកូវីដបញ្ចប់ទៅ។ គម្រោងខាងក្រោមសុទ្ធសឹងតែជាគម្រោង ដែលនឹងផ្លាស់ប្ដូរមុខមាត់ខេត្តមួយនេះឱ្យកាន់តែទំនើបជាងមុន៖

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប ដែលប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០ លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ ខែ ដោយគ្រោងនឹងបញ្ចប់ការដ្ឋាននៅចុងឆ្នាំ ២០២១ ខាងមុខនេះ។

គម្រោងនេះ បានបើកការដ្ឋានសាងសង់ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកាកន្លងមកនេះ។ (អានបន្ថែម)

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ នេះដែរ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ (អានបន្ថែម)

គម្រោងអាកាសយានដ្ឋានសៀមរាបថ្មី
ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី AIAI នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង

គម្រោងអាកាសយានដ្ឋានសៀមរាបនេះ បានចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ។

គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានប្រមាណ ៣៥%ហើយ ដោយគ្រោងបញ្ចប់នៅខែមីនាឆ្នាំ ២០២៣ ដូចការគ្រោងទុក។ (អានបន្ថែម)

កន្រ្តកវិលធំជាងគេនៅកម្ពុជា Angkor Eye

កន្រ្តកវិលធំជាងគេនៅក្នុងប្រទេសកម្ពុជាតម្លៃជាង ៧ លានដុល្លារ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប បានដាក់ឱ្យដំណើរការ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ ដែលនេះជាសម្មិទ្ធិផលដ៏ធំថ្មីមួយក្នុងការជំរុញវិស័យទេសចរណ៍។

កន្ត្រកវិលខ្នាតយក្សនេះ មានទីតាំងស្ថិតក្នុងទីតាំង Box Ville ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ឬស្ថិតនៅខាងកើតភូមិវប្បធម៌ ហើយគឺជាការវិនិយោគដោយក្រុមហ៊ុន Angkor Eye Company Limited។

កន្ត្រកវិលនេះ មានកម្ពស់ ៨៥ ម៉ែត្រពីដី ដែលមានកន្ត្រកវិលចំនួន ៤៨ កន្ត្រក និងអាចផ្ទុកមនុស្សបានដល់ទៅ១៩២នាក់។ លើសពីនេះ កន្រ្តកវិលនៅក្នុងខេត្តសៀមរាបនេះគឺខ្ពស់បំផុតលំដាប់ទី៣ នៅក្នុងតំបន់អាស៊ី។(អានបន្ថែម)

គម្រោងរមណីយដ្ឋានតម្លៃ ៣៥០លានដុល្លាររបស់ Naga Corp

ក្រុមហ៊ុន NagaCorp ដែលជាម្ចាស់កាស៊ីណូ NagaWorld នៅរាជធានីភ្នំពេញ គ្រោងនឹងបោះទុនប្រមាណ ៣៥០ លានដុល្លារ សាងសង់រមណីយដ្ឋានឈ្មោះថា Angkor Lake of Wonder នៅលើផ្ទៃដីប្រមាណ ៧៥ហិកតា នៅខេត្តសៀមរាប។

គម្រោងនេះ ស្ថិតនៅខាងត្បូងក្រៅតំបន់ហាមឃាត់នៃតំបន់ប្រាសាទអង្គរវត្ត ដោយក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនស្ថាបត្យកម្មមកពីសហរដ្ឋអាមេរិកចំនួន ២ ក្រុមហ៊ុនរួចហើយ។

Angkor Lake of Wonder នឹងរួមមាន សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទូកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ អាហារដ្ឋាន និងទីកន្លែងសាធារណៈជាច្រើនទៀត។ ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥។ (អានបន្ថែម)

គម្រោងកែប្រែសោភណភាពនៅតំបន់ទេសចរណ៍

​រដ្ឋាភិបាលគ្រោងនឹងកែលម្អដងស្ទឹងសៀមរាបឡើងវិញ ដោយប្រើថវិកា៥ លានដុល្លារសល់ពីការសាងសង់ផ្លូវនៅសីហនុ ក្នុងគោលបំណងបង្កើនសោភណភាពទីក្រុង និងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យកាន់តែច្រើន។ (អានបន្ថែម)

លើសពីនេះ រដ្ឋាភិបាលក៏កំពុងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ រៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតយានយន្តនៅមុខប្រាសាទអង្គរវត្តផងដែរ។ (អានបន្ថែម)

ទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគម

ក្រសួងទេសចរណ៍បានបង្ហាញគម្រោងបង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។ (អានបន្ថែម)

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មីតម្លៃជាង ១៩លានដុល្លារ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជាង ១៩លានដុល្លារ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងសាងសង់នៅឆ្នាំក្រោយ។ គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅអំឡុងដើមឆ្នាំ២០២១ ដោយនឹងសាងសង់រយៈពេល ២២ខែ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]