មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ទំនើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដ៏ទំនើបនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ មានអគារធំៗចំនួន២ ដែលអគារទាំងពីរមានទំហំប៉ុនគ្នា ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ ស្មើ ១៥,១០ម៉ែត្រ។
អគារទី១ មានតម្លៃ ១,៤លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ បញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ អគារទី២ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ (អានបន្ថែម)
មន្ទីពេទ្យបង្អែកនេះមានបន្ទប់ពិនិត្យជំងឺទូទៅ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ បន្ទប់សម្រាកព្យាបាល បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ បន្ទប់អេកូសាស្ដ្រ បន្ទប់X-Ray បន្ទប់សម្ភព និងរោគស្ត្រី បន្ទប់ព្យាបាលជំងឺកុមារ បន្ទប់ព្យាបាលជំងឺមាត់ធ្មេញ បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រ ឃ្លាំងឱសថ ជាដើម និងមានចំនួន ២០០គ្រែក្នុងមួយអាគារ។
ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមិនត្រឹមតែជួយពលរដ្ឋស្រុកក្រូចឆ្មារនោះទេ តែក៏នឹងជួយដល់បណ្តាស្រុកផ្សេងៗនៅជាប់នេះផងដែរ។ លើសពីនេះ សម្តេចតេជោ ក៏បានផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ប្រើឧបករណ៍បច្ចេកទេស ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងព្យាយាមធានាឱ្យបាននូវនិរន្តរភាពក្នុងការដំណើរការមន្ទីរពេទ្យមួយនេះឱ្យបានល្អផងដែរ៕
- Video Advertisement -