ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ
គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។
នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២៨ មេសា ២០២៣។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភានេះ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ក៏មានកិច្ចប្រជុំរវាងក្រុមហ៊ុនសាងសង់ ជាមួយ និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយបានដាក់បង្ហាញពីរូបគំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវនេះផងដែរ។
យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន CRBC ដែលដាក់បង្ហាញនៅក្នុងកិច្ចប្រជុំខាងលើ គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូនបានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដទាំង ៥ ដើម្បីស្នើសុំការជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះផងដែរ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ហើយ ខណៈគម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាប់រាជធានីភ្នំពេញ-បាវិតនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ២០២៣ខាងមុខ។ (អានបន្ថែម)

- Video Advertisement -