មន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០% ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា
មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥-៩០% ហើយ ខណៈគ្រោងនឹងបញ្ចប់នៅចុងខែឧសភា និងសម្ពោធឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។
លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា «តាមការវាយតម្លៃយើងសង្គេតឃើញថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់បានប្រហែលជា ៨៥-៩០% ដូច្នេះនៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ ដែលក្រុមហ៊ុនសាងសង់ នឹងបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុកនៅចុងឧសភានេះ»។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រីក្នុងបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
លោកស្រីបន្ថែមថា ក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមការគ្រោងទុក ដើម្បីបម្រើប្រជាពលរដ្ឋយើង ហើយក្នុងឱកាសដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុតផងដែរ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋយើងតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះផងដែរ។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម)
ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)
- Video Advertisement -