ក្រុមហ៊ុន មីនីបៀ គ្រោងពង្រីកការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា
ក្រុមហ៊ុន មីនីបៀ បង្ហាញផែនការអាជីវកម្ម ពង្រីការវិនិយោគរបស់ខ្លួនទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើការវិនិយោគរយៈពេល១២ឆ្នាំនៅកម្ពុជា។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីគម្រោងនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ខែតុលា។
ក្នុងជំនួបខាងលើ អគ្គនាយកក្រុមហ៊ុនមីនីបៀបានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើន ដូចជា ផលិតផលអេឡិចត្រូនិច ដែលជាផលិតផលថ្មី របស់ក្រុមហ៊ុន ត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។
លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
គួររំលឹកថា ដំបូងក្រុមហ៊ុនមីនីបៀ ចាប់ផ្តើមដើមទុនប្រមាណតែ ២៣លានដុល្លារប៉ុណ្ណោះនៅកម្ពុជា ប៉ន្តែរហូតដល់ពេលនេះក្រុមហ៊ុនបានបង្កើនទុនដល់ ៦០០លានដុល្លារ ក្រោយទទួលជោគជ័យជាង១២ឆ្នាំ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនក៏សម្រេចចិត្តពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្តទៀត។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ពិសេសការបង្កើនទំនុកចិត្តលើការវិនិយោគនៅកម្ពុជា។
- Video Advertisement -