តៃវ៉ាន់ គ្រោងវិនិយោគ ១០០លានដុល្លារ សង់រោងចក្រអេឡិចត្រូនិចនៅកម្ពុជា
ក្រុមហ៊ុនលំដាប់ពិភពលោករបស់តៃវ៉ាន់ ADATA Technology Co., Ltd បានប្រកាសគម្រោងវិនិយោគ ដែលមានតម្លៃជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទ នៅប្រទេសកម្ពុជា។
គម្រោងផែនការវិនិយោគនេះត្រូវបានប្រកាសជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមដោយលោកជំទាវ នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group និងលោក Chen Chien Wen ជាតំណាងក្រុមហ៊ុន ADATA Technology Co., Ltd។ នេះបើយោងតាមចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
លោកជំទាវ នឹម វណ្ណៈ បានលើកឡើងថា ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ចំនួន ១០០លានដុល្លារ និង ៥០០លានដុល្លារ សម្រាប់ជំហានទី២ ដែលនឹងផ្តោតលើការបង្កើតរោងចក្រកែច្នៃផលិតផលអេឡិចត្រូនិក ផលិតប្រភេទ USB hard drive និងផលិតផលអេឡិចត្រូនិកផ្សេងៗទៀត ហើយក្រុមហ៊ុនក៏គ្រោងនឹងនាំចេញទៅកាន់តំបន់អឺរ៉ុប ដើម្បីពង្រីកទីផ្សារ និងបង្កើនការងារសម្រាប់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង។
លោកជំទាវបន្តថា ក្រុមហ៊ុនក៏បានប្រកាសពីផែនការវិនិយោគលម្អិតរបស់ខ្លួន ស្តីពីការសាងសង់រោងចក្រកែច្នៃផលិតផលអេឡិចត្រូនិក និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ផងដែរ។
លោកជំទាវបន្ថែមថា មូលហេតុដែលក្រុមហ៊ុនជ្រើសរើសមកវិនិយោគនៅកម្ពុជា គឺផ្អែកលើការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថាអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងឈានដល់ ៦.១% ដែលតួលេខនេះនឹងធ្វើឱ្យកម្ពុជាអាចក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន។
លោកជំទាវជឿងជាក់ថា “ការវិនិយោគរបស់ក្រុមហ៊ុន ADATA Technology នៅកម្ពុជានឹងជួយជំរុញការអភិវឌ្ឍបន្ថែមលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា ពិសេសនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាជនកម្ពុជាផងដែរ”។
គួរបញ្ជាក់ថា ក្រុមហ៊ុន ADATA Technology Co., Ltd ជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ មានរោងចក្រជាច្រើននៅតាមបណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក ចិន និងឥណ្ឌា ដែលត្រូវបានបង្កើតតាំងពីឆ្នាំ២០០១ នៅកោះតៃវ៉ាន់ ជាមួយនឹងការបណ្តាក់ទុនប្រមាណជា ៩៤,៥លានដុល្លារ។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនផលិតបន្ទះឈីប (DRAM) និង SSD ធំជាងគេនៅទ្វីបអាស៊ី និងបានឈរនៅលំដាប់លេខ២ នៅទូទាំងពិភពលោក ក្នុងតម្លៃទីផ្សារប្រមាណជាង ៩៤៥លានដុល្លារ។
- Video Advertisement -