កម្ពុជា-ឥណ្ឌូនេស៊ី ជំរុញចុះកិច្ចព្រមព្រៀងទីក្រុងសម្ព័ន្ធមេត្រី ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២
កម្ពុជា និងឥណ្ឌូនេស៊ី កំពុងជំរុញការចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រាឲ្យបានលឿន ដែលនេះជាការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យរិតតែមានភាពរឹងមាំ។
នេះបើតាមជំនួបរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះផងដែរ ក្នុងជំនួបនេះ ឯកឧត្តមអភិបាល បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សាសន្តិសុខជូនស្ថានទូតឲ្យបានល្អ និងការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញស្ថានទូតទៅតាមការស្នើឡើងរបស់ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ។
លើសពីនេះ ឯកឧត្តមអភិបាល បានរំលឹកឱ្យដឹងដែរថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា បានមកពីការរួមចំណែកស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។
ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែនបានប្រសិទ្ធនាមផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពានព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard)។
ដោយឡែក ខ្សែទី២ ផ្លូវបេតុងម៉េប្រវែង ៥.៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។
ឯកឧត្តមអភិបាល បានបញ្ជាក់ជាចុងក្រោយថា ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។ (អានបន្ថែម)
- Video Advertisement -