មជ្ឈមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង $២លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។
នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកប ដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងថា «ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះគឺជា ទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈ ការផ្តល់សេវាសមស្របទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេសនិងឆ្លងកាត់ព្រំដែន ជាពិសេសការជួយជនរងគ្រោះតាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ»។
ដោយឡែក ឯកឧត្តម ស សុខា បានថ្លែងឱ្យដឹងដែរថា «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជន រងគ្រោះប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្នុងការជួយដល់ជនរង គ្រោះ ជាពិសេសពលករ ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស»។
មជ្ឈមណ្ឌលនេះ មានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ០៥មុខជំនាញ រួមមាន៖ កាត់ដេរ សាឡន ធ្វើម្ហូប/បង្អែម អគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ផងដែរ។
មជ្ឈមណ្ឌលនេះ ជាជំនួយឥតសំណងពីព្រះរាជាណាចក្រថៃសម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២.១៩៩.៩២០ដុល្លារ លើផ្ទៃដីទំហំសរុប ៩.៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦.៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។




- Video Advertisement -