ក្រុមហ៊ុន Aeon ប្រើបច្ចេកវិទ្យា AI ដើម្បីកែលម្អប្រសិទ្ធភាពដឹកជញ្ជូនក្នុងវិស័យពស្តុភារ
ក្រុមហ៊ុន Aeon ដែលជាក្រុមហ៊ុនលក់រាយដ៏លេចធ្លោមួយរបស់ជប៉ុន កំពុងចាប់ផ្តើមការផ្លាស់ប្តូរទិដ្ឋភាពនៃប្រតិបត្តិការដឹកជញ្ជូនទំនិញរបស់ខ្លួន ដោយគ្រោងដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដើម្បីការបង្កើនប្រសិទ្ធភាពអត្រាផ្ទុកទំនិញ និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូននិងចែកចាយទំនិញ។ គំនិតផ្តួចផ្តើមថ្មីនេះ គ្រោងចាប់ផ្តើមអនុវត្តនៅក្នុងកំឡុងពេលនិទាឃរដូវថ្មីនេះចាប់ពីខែ០៤ ឆ្នាំ ២០២៤តទៅ នៅទូទាំងហាងលក់រាយក្នុងស្រុកប្រមាណ ៣៣.០០០ ដើម្បីជាការឆ្លើយតបចំពោះការរឹតបន្តឹងផ្លូវច្បាប់ថ្មីលើការបន្ថែមម៉ោងរបស់អ្នកបើកបរដឹកជញ្ជូនទំនិញ នេះបើយោងតាម Nikkei Asia ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។
ការផ្តោតសំខាន់នៃវិធីសាស្រ្តរបស់ក្រុមហ៊ុន Aeon គឺការលើកកម្ពស់អត្រាផ្ទុកសម្រាប់រថយន្តដឹកទំនិញ ដែលមានបំណងកាត់បន្ថយពី ៥% ទៅ ១០% នៃចំនួនរថយន្តដែលបានប្រើប្រាស់សរុប។ តាមរយៈការបង្កើនប្រសិទ្ធភាពអត្រាផ្ទុក ជាពិសេសសម្រាប់ការដឹកជញ្ជូនពេលព្រឹក និងរំលងអធ្រាត្រ ក្រុមហ៊ុន Aeon មានគោលបំណងលុបបំបាត់ការដឹកជញ្ជូនតាមការកំណត់កាលបរិច្ឆេទ ដោយសន្យាថានឹងសម្រួលប្រតិបត្តិការឱ្យបានប្រសើរ និងកាត់បន្ថយពេលវេលាដឹកជញ្ជូនឱ្យបានច្រើនជាងមុន។
លើសពីនេះ ក្រុមហ៊ុន Aeon គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកែលម្អការកំណត់ទិសដៅផ្លូវបើកបរ ដែលវិធីសាស្ត្រនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Aeon ចំពោះការច្នៃប្រតិដ្ឋបច្ចេកវិជ្ជាក្នុងការរុករកទិដ្ឋភាពថ្មីនៃការវិវត្តក្នុងវិស័យពស្តុភារ។
ការសម្រេចចិត្តដើម្បីអនុវត្តការផ្លាស់ប្តូរទាំងនេះ ធ្វើឡើងបន្ទាប់ពីគម្រោងសាកល្បងទទួលបានជោគជ័យ ដែលធ្លាប់បានធ្វើឡើងនៅតំបន់ Kyushu ភាគខាងត្បូងប្រទេសជប៉ុន នៅពេលដែលវិស័យពស្តុភារកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនៃការបន្ថែមម៉ោង ហើយបន្ទាប់ពីទទួលបានជោគជ័យលើកនេះ ក្រុមហ៊ុន Aeon នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវដែលឈានមុខគេក្នុងការទទួលយកដំណោះស្រាយ AI យកមកបដិវត្តវិស័យពស្តុភារ។
នៅក្នុងដំណើរនៃការផ្លាស់ប្តូរទាំងនេះ ក្រុមហ៊ុនធំៗផ្សេងទៀត រួមទាំង Lawson, Seven-Eleven Japan និង FamilyMart ក៏កំពុងចាប់អារម្មណ៍លើគម្រោងសហការផ្តល់សេវាចែកចាយរួមគ្នាដោយប្រើបច្ចេកវិទ្យាថ្មីនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមលើផ្នែកដឹកជញ្ជូន៕
- Video Advertisement -