ច្រកព្រំដែនកម្ពុជា-ថៃ(បានណងអៀន-ស្ទឹងបត់) គ្រោងបើកដំណើរការចំពេលភាគីថៃនៅមានកង្វល់ពីបញ្ហាមីន
ប្រទេសថៃ និងកម្ពុជា ត្រៀមរៀបចំសម្ពោធបើកដំណើរការច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ឆាប់ៗ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។ ដោយឡែកភាគីថៃនៅតែមានកង្វល់ខ្លះៗពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីនដែលមាននៅក្នុងស្រុកជាប់ព្រំដែនចំនួន៤ របស់ប្រទេសថៃ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដឹកនាំដោយអភិបាលខេត្តស្រះកែវ លោក Parinya Potisat រួមមានផែនការបន្ថែមសម្រាប់ដោះស្រាយបញ្ហានៅច្រកឆ្លងកាត់ព្រំដែននៅស្រុកអារញ្ញ ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនពាណិជ្ជកម្ម និងបញ្ហាដែលនៅសេសសល់ផ្សេងទៀតជាពិសេសគឺបញ្ហាមីនដែលនៅបន្តអូសបន្លាយ នេះបើយោងតាមសារព័ត៌មានថៃ Pattaya Mail ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការបើកច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសម្រួលប្រតិបត្តិការពាណិជ្ជកម្មឡើងវិញ។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនដូចជាវត្តមានគ្រាប់មីននៅក្នុងស្រុកចំនួន ៤ របស់ប្រទេសថៃ នៅតែជាស្រមោលលើការបោះជំហានជាវិជ្ជមានទាំងនេះ។ ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការលុបបំបាត់មីនក្នុងខេត្តចំនួនប្រាំពីរ ចាប់តាំងពីឆ្នាំ ២០០០ មកយ៉ាងណាក៏ដោយ ក៏ក្តីកង្វល់ទាក់ទងនឹងសុវត្ថិភាពនៃការឆ្លងកាត់តំបន់នេះ នៅតែមាន។
បើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ស្រេតថា ថាវីស៊ីន បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន និងការដោះស្រាយជម្លោះទឹកដីផងដែរ។
ដើម្បីជម្នះបញ្ហាប្រឈមទាក់ទងនឹងកម្មសិទ្ធិដីធ្លីនៅតំបន់ជម្លោះ គណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើងដើម្បីកំណត់ព្រំដែនឱ្យបានច្បាស់លាស់ ក្នុងគោលបំណងបញ្ចប់ជម្លោះដែលអូសបន្លាយជាយូរមកហើយ និងសម្រួលដល់អន្តរកម្មឆ្លងព្រំដែនឱ្យត្រឡប់មករកប្រក្រតីភាពឡើងវិញនិងមានភាពរលូន។
គួររំលឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះ ក្រោមឥណទានសម្បទានក្នុងទំហំទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក កាលពីខែ កញ្ញាឆ្នាំ ២០២៣កន្លងទៅ៕ (អានបន្ថែម)

- Video Advertisement -