សេដ្ឋវិទូហុងកុងព្យាករអតិផរណានៃសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ នឹងបន្តជាប់គាំងនៅត្រឹម ១០%
ខណៈដែលពិភពលោកកំពុងចាប់ផ្តើមជាថ្មីមួយនឹងឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅផ្លូវបំបែករវាងការងើបឡើងវិញ និងតុល្យភាពនៃហានិភ័យដែលអាចកំណត់គន្លងសេដ្ឋកិច្ចដែលនឹងត្រូវវិវត្តជាបន្តបន្ទាប់នៃឆ្នាំនេះ។ Schroders ដែលជាស្ថាប័នស្រាវជ្រាវនិងរៀបចំយុទ្ធសាស្ត្រឈានមុខខ្នាតអន្តរជាតិនៅហុងកុង ទើបនឹងបានចេញបទវិភាគស៊ីជម្រៅមួយចេញផ្សាយនៅថ្ងៃទី 0១ ខែកុម្ភៈ ឆ្នាំ ២០២៤ បង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចសាកលដែលអាចនឹងបន្តជាប់គាំង ដោយបានរំលេចអំពីសេណារីយ៉ូអតិផរណារហូតដល់ ១០%។
Schroders គូសបញ្ជាក់អំពីហានិភ័យគួរឱ្យកត់សម្គាល់ទាក់ទងនឹងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់។ ទិន្នន័យថ្មីៗពីប្រភពដដែលបង្ហាញថា វិធានការរូបិយវត្ថុរបស់ពិភពលោក អាចនឹងបាត់បង់ប្រសិទ្ធភាពមួយចំនួន ដោយការចំណាយរបស់អ្នកប្រើប្រាស់ដែលសល់ទុន អាចនឹងកើនឡើងក្លាយជាបញ្ហាប្រឈមចំពោះការធ្លាក់ចុះអតិផរណាដោយរលូន។ ភាពធន់នេះ ថ្វីត្បិតតែនឹងអាចបន្ថែមពិន្ទុ ១,៣% ដល់កំណើនពិភពលោក ក្នុងពេលដំណាលគ្នាវាក៏អាចនឹងបង្កើនការព្រួយបារម្ភអំពីការកាត់បន្ថយអត្រាការប្រាក់ដែលពន្យារពេលផងដែរ។
ការវិភាគខាងលើ ធ្វើឱ្យអ្នកសេដ្ឋកិច្ចងាកមកយកចិត្តទុកដាក់ខ្ពស់ចំពោះភាពប្រឈមគ្នារវាងតម្រូវការកើនឡើង និងកំណើនអតិផរណាដែលអាចជំរុញឱ្យមានការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុជាពិសេសក្នុងប្រទេសដែលមានទីផ្សារសេដ្ឋកិច្ចធំៗ។ ទន្ទឹមនឹងនេះ បើសិនជាសេណារីយ៉ូនេះកើតឡើង វាអាចនឹងទាក់ទាញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបញ្ជូលគោលនយោបាយបែបប្រតិកម្មរហ័ស ដែលនាំទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកភ្លាមៗជាថ្មីវិញ។ ហានិភ័យនេះ នៅតែជាសេណារីយ៉ូដែលអាចនឹងកើតឡើងបើបូកផ្សំនឹងកត្តាជំរុញផ្សេងៗទៀត។
ចំពេលមានបញ្ហាប្រឈមទាំងនេះ សេដ្ឋកិច្ចពិភពលោកជួបនឹងភាពមិនប្រាកដប្រជាលើផ្នែកផ្គត់ផ្គង់។ និន្នាការសាទរចំពោះការមកដល់នៃបច្ចេកវិជ្ជាបរិវត្តកម្ម ជាពិសេសបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យមានការរីកចម្រើននៃការវិនិយោគ បង្កើនផលិតភាពក៏ពិតមែន និងកំណើនសេដ្ឋកិច្ចបន្តិចម្តងៗក៏ពិតមែនប៉ុន្តែក្នុងល្បឿនមួយដែលយឺតជាងមុន។ ផ្ទុយទៅវិញ ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដែលមានលក្ខណៈអវិជ្ជមាននៅតាមវិស័យមួយចំនួន ផ្សំជាមួយនឹងសេណារីយ៉ូអតិផរណាផ្នែកផ្គត់ផ្គង់របស់សេដ្ឋកិច្ចសកល អាចបង្វែរសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកការជាប់គាំងឡើងវិញ។
លទ្ធផលវិភាគរបស់ Schroders ដដែលបានកំណត់ភាពទំនងជានឹងកើតឡើង (ប្រូបាប៊ីលីតេ) នៃអតិផរណាសកលដល់ទៅ ១០% ដោយសង្កត់ធ្ងន់លើផ្នែកផ្គត់ផ្គង់នៃសេដ្ឋកិច្ចក្នុងន័យរយៈពេលវែង ដែលនេះគឺជាការបន្តនៃការព្រួយបារម្ភអំពីការជាប់គាំងចរន្តសេដ្ឋកិច្ចថ្មី។
លើសពីនេះទៀត វិបត្តិភូមិសាស្ត្រនយោបាយ ដែលបង្កើតបាននូវប្រូបាប៊ីលីតេ ៧% បង្កការគំរាមកំហែងដល់ការផ្គត់ផ្គង់ទំនិញ ពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគ ដែលអាចបង្កឱ្យមានអតិផរណាឡើងវិញ។ តាមសេណារីយ៉ូទាំងពីរនេះ នៅពេលនោះ ធនាគារកណ្តាលក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន នឹងជួបឧបសគ្គដោយសារមានច្រកចេញតិចតួចពេកសម្រាប់ឱ្យខ្លួនអាចគ្រប់គ្រងអត្រាការប្រាក់បាន៕
- Video Advertisement -