សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាស្នើរៀបចំមជ្ឈមណ្ឌលសមាធិ នៅស្ទឹងពពក ស្រុកស្រែអំបិល
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលសមាធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយនឹងគម្រោងស្នើនេះ លោកប្រធានសមាគម បានជម្រាបពីគោលបំណងនៃគម្រោងខាងលើ ដែលនឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។
ជាការឆ្លើតបមកវិញ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមឱ្យសមាគមមានការគិតគូលើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មានសម្រស់ស្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។
ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចបន្ថែមថា គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។
លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់ចុងក្រោយថា ក្រសួងបរិស្ថាន មានបេសកកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត គឺស្អាតពីខាងក្រៅដែលនៅជុំវិញខ្លួនយើង គឺស្អាតដី ស្អាតទឹក និងស្អាតខ្យល់ ហើយការងារអាទិភាពចម្បងនោះគឺ ភាពស្អាតរបស់ប្រជាសហគមន៍។ ចំណែកភាពស្អាតពីខាងក្នុងវិញរួមមាន ភាពស្អាតកើតចេញពីចិត្តទៀងត្រង់របស់ប្រជាសហគមន៍ខ្មែរដូចជា ការលក់ដូរផលិតផល កសិផលជូនអ្នកទេសចរមិនកាប់ថ្លៃ មានតម្លៃស្តង់ដារត្រឹមត្រូវ។




- Video Advertisement -