WWF៖ ត្រីទន្លេមេគង្គ១ភាគ៥ ប្រឈមនឹងការផុតពូជដោយសារ​គម្រោងវារីអគ្គិសនីចិន

ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ភាគខាងលើនៃដងទន្លេមេគង្គនៅក្នុងប្រទេសចិន  បានគម្រាមកំហែងដល់ប្រព័ន្ធជីវចម្រុះនៅផ្នែកខាងក្រោមដងទន្លេ ក្នុងនោះមច្ឆជាតិ១ភាគ៥ (២០%) នៃប្រភេទត្រីដែលរស់នៅតាមដងទន្លេមេគង្គ ប្រឈមនឹងហានិភ័យនៃការផុតពូជ។ ទំនប់ទាំងនេះបង្អាក់លំហូរធម្មជាតិនៃទឹកទន្លេ ដែលបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់ចំនួនត្រីចម្រុះ ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីធម្មជាតិសម្រាប់ការរស់រានមានជីវិត។ របាយការណ៍អំពីហានិភ័យនេះ ត្រូវបានចេញផ្សាយដោយមូលនិធិសត្វព្រៃពិភពលោក (WWF) និងអង្គការអភិរក្សសត្វសមុទ្រ និងសត្វព្រៃចំនួន ២៥ ផ្សេងទៀតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ ធ្វើបច្ចុប្បន្នភាពដោយ SCMP កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។​

របាយការណ៍របស់អ្នកអភិរក្សដែលមានចំណងជើងថា “ត្រីទន្លេមេគង្គដែលត្រូវបានគេបំភ្លេច” បានបង្ហាញស្ថិតិគួរឱ្យព្រួយបារម្ភអំពីស្ថានភាពនៃប្រភេទត្រីនៅក្នុងតំបន់។ របាយការណ៍នេះ បានរកឃើញថា ១៩% នៃប្រភេទត្រីទាំងអស់ ១១៤៨ ប្រភេទ  ឬអាចថាច្រើនជាងនេះ ដោយសារតែ ៣៨% នៃប្រភេទសត្វត្រីទាំងនេះ នៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីអាចដឹងអំពីស្ថានភាពប្រឈមរបស់វានៅឡើយ។

ក្នុងចំណោមប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ មានសត្វមួយចំនួនត្រូវបានចុះបញ្ជីថាជាប្រភេទសត្វ “ជិតផុតពូជ” ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ  (IUCN) រួមទាំងត្រីតំណាងជាតិដូចជា ត្រីឆ្មាទន្លេមេគង្គ និងត្រីឆ្លាមទឹកសាបយក្សជាដើម។

ការថយចុះបរិមាណត្រីនៅក្នុងទន្លេមេគង្គ ដែលរួមចំណែកដល់ទៅជាង ១៥% នៃការផ្គត់ផ្គង់ត្រីក្នុងពិភពលោក និងរកចំណូលបានជាង ១១ពាន់លានដុល្លារក្នុងមួយឆ្នាំ បង្កការគំរាមកំហែងយ៉ាងសំខាន់ដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ប្រជាជនប្រហែល ៤០លាននាក់ ពឹងផ្អែកលើទឹកទន្លេមេគង្គសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។

អ្នកជីវវិទូត្រីលោក Zeb Hogan ដែលដឹកនាំក្រុមអភិរក្សទន្លេមេគង្គ បានលើកឡើងពីស្ថានភាពបន្ទាន់នៃការគំរាមកំហែងដែលបង្កឡើងដោយគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី។ លោក​បាន​បញ្ជាក់​ថា​៖ «​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​នៅ​ពេល​នេះ និង​ការ​គំរាម​កំហែង​ដែល​នៅ​តែ​មាន​សក្ដានុពល ​គឺ​ការ​អភិវឌ្ឍ​វារីអគ្គិសនី»។

ទោះបីជាមានទស្សនវិស័យមិនសូវល្អ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ក៏ដោយ ក៏លោកជីវវិទូត្រី Hogan នៅតែមានសុទិដ្ឋិនិយមអំពីសក្តានុពលសម្រាប់សកម្មភាពរួមគ្នាដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃបរិមាណត្រីដ៏ច្រើនសន្ធឹកនេះ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃប្រទេសនានានៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍទន្លេប្រកបដោយនិរន្តរភាព ដោយលោកមានប្រសាសន៍ថា “ប្រសិនបើយើងធ្វើសកម្មភាពរួមគ្នា ដើម្បីអភិវឌ្ឍទន្លេប្រកបដោយនិរន្តរភាព យើងនៅតែមានសង្ឃឹម” ។

ទន្លេមេគង្គដែលលាតសន្ធឹងជិត ៥០០០ គីឡូម៉ែត្រពីខ្ពង់រាបទីបេទៅសមុទ្រចិនខាងត្បូង បម្រើជាធនធានដ៏សំខាន់សម្រាប់សហគមន៍កសិកម្ម និងសហគមន៍នេសាទនៅទូទាំងប្រទេសចំនួនប្រាំមួយ រួមមាន៖ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម៕

- Video Advertisement -