COP28 ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៣ដងចាប់ពី២០២៤នេះតទៅ ខណៈកម្តៅផែនដីឡើងដល់កម្រិត១មិនធ្លាប់មានពីមុន

នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា  COP28 ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងឆ្នាំ ២០២៣កន្លងទៅ សមិទ្ធផលដ៏ធំបំផុតមួយនៃកិច្ចប្រជុំនេះដែលខុសពីឆ្នាំមុនៗ គឺកិច្ចព្រមព្រៀងលើការចូលរួមពីប្រទេសជាង១០០ ក្នុងការបង្កើនផលិតភាពថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣ដង គិតត្រឹមពីឆ្នាំ ២០២៤នេះ ទៅទល់នឹងឆ្នាំ ២០៣០។ ការសន្យារួមគ្នាដោយមានការចុះហត្ថលេខាជាសក្ខីកម្មនេះ គឺជារឿងដែលមិនធ្លាប់មានពីមុនមក ទាំងក្នុងន័យទំហំវិនិយោគនិងមហិច្ឆតាអភិវឌ្ឍន៍ថ្មី ដែលទាមទារឱ្យប្រទេសហត្ថលេខីទាំងអស់ក្នុងលោកបង្កើនសមត្ថភាពផលិតថាមពលខ្យល់ ពន្លឺព្រះអាទិត្យ ថាមពលកំដៅផែនដី និងថាមពលកកើតឡើងវិញផ្សេងទៀត ឱ្យបានលើសទ្វេដងក្នុងមួយឆ្នាំ ពីកម្រិតដែលកំពុងមានបច្ចុប្បន្ន នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពដោយ Anergy Tracker Asia កាលពីខែមករា ឆ្នាំ ២០២៤។​

ខ្លឹមសារួមនៃកិច្ចព្រមព្រៀងនេះ ចែងថា ប្រទេសហត្ថលេខីទាំងអស់ (ចំនួន ១០០ ប្រទេស)៖

១. ប្ដេជ្ញាធ្វើការរួមគ្នាដើម្បីដំឡើងសមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ពិភពលោក យ៉ាងហោចណាស់ឱ្យបានបីដង គឺស្មើនឹង ១១ ០០០ GW នៅឆ្នាំ ២០៣០

២. យល់ព្រមរួមគ្នាកែលម្អប្រសិទ្ធភាពថាមពលសកល គិតជាអត្រាប្រចាំឆ្នាំជាមធ្យម ឱ្យបានទ្វេដង គឺពីប្រហែល ២% ទៅ ៤% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៣០

៣. សហការធ្វើការលើខ្សែច្រវាក់តម្លៃ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាឱ្យមានភាពធន់ជាងមុន រួមទាំងតាមរយៈការផ្ទេរ (បច្ចេកវិទ្យា) ដោយស្ម័គ្រចិត្តក្រោមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា

៤. និងលើកកំពស់ការគាំទ្រផ្នែកបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់វិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលក្នុងប្រទេសកំពុងអភិវឌ្ឍ។

ដោយ​សារសីតុណ្ហភាពពិភពលោក ​ឡើង​ដល់​កម្រិត​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ​២០២៣ អ្នក​វិទ្យាសាស្ត្រ​បាន​​ព្រមាន​ថា ឱកាសរបស់ពិភពលោក ក្នុងការចង់រក្សា​កំដៅផែនដី​មិនឱ្យឡើងលើសពី ១,៥°C កំពុងតែខើចខ្លី។ ការបង្កើនថាមពលកកើតឡើងវិញយ៉ាងឆាប់រហ័ស ត្រូវបានគេមើលឃើញថា ជាជំហានសំខាន់ឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ការធ្វើត្រីគុណ (Tripling) ថាមពលកកើតឡើងវិញ នឹងអាចជួយឱ្យកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតបាន ៧ពាន់លានតោននៅចន្លោះពេលនេះនិងឆ្នាំ ២០៣០ ឬ ១ពាន់លានតោនជាមធ្យមជារៀងរាល់ឆ្នាំ។

ការសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានេះ គឺត្រូវពឹងផ្អែកលើការចូលរួមរបស់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ី ដែលជាតំបន់មួយមានភាពយឺតយ៉ាវបំផុតក្នុងប្រវត្តិសាស្ត្រដែលទទួលយកថាមពលកកើតឡើងវិញ ហើយនៅតែមានការនាំចូលធ្យូងថ្ម និងឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក។

បើតាមការកត់ត្រា អាស៊ីប៉ាស៊ីហ្វិកតែមួយបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ១៧,៩៦ ពាន់លានតោនក្នុងឆ្នាំ២០២២ ដែលនេះជាកត្តាជំរុញនាំឱ្យមានការផ្លាស់ប្តូរទៅកាន់ប្រភពថាមពលស្អាតនៅក្នុងទ្វីបមួយនេះឱ្យបានឆាប់រហ័យបំផុត។

ជប៉ុនជាប្រទេសហត្ថលេខីមួយ ដែលទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សក្នុងការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយបានធ្វើបដិវត្តលើវិស័យថាមពលរបស់ខ្លួនបន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំនៅក្នុងឆ្នាំ ២០១១។

លើសពីនេះ ជប៉ុនធ្លាប់បានប្រឈមមុខនឹងការខ្វះខាតថាមពលដ៏ធំដោយសារតែតម្រូវការបិទរោងចក្រនុយក្លេអ៊ែររាប់សិបកន្លែងថែមទៀតផង។ ដូច្នេះជប៉ុន បានបញ្ចូលការកំណត់តារាងបញ្ជីតម្លៃអគ្គិសនី ដែលអំណោយផលដល់ការ​លើក​ទឹក​ចិត្ត​សម្រាប់​ការ​ផលិតថាមពល​ពន្លឺ​ព្រះ​អាទិត្យដ៏ច្រើនសន្ធឹក គឺរហូតដល់ ៧000% ​ក្នុង​រយៈ​ពេល​តែ​ប្រាំមួយ​ឆ្នាំ​ប៉ុណ្ណោះ​ គឺ​កើនពី ៥៥០MW ទៅ​ប្រហែល ៣៨GW។

ផ្ទុយទៅវិញ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសធំជាងគេនៅអាស៊ីអាគ្នេយ៍ មិនបានចូលរួមក្នុងកិច្ចព្រមព្រៀងទេ ព្រោះប្រទេសនេះ ជាប្រទេសមួយស្ថិតក្នុងចំណោមអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ធំជាងគេ និងដែលបានបង្កើនការផលិតអគ្គិសនីពីធ្យូងថ្មដល់ទៅ ៨០០%ឯណោះ គិតចាប់តាំងពីឆ្នាំ ២០០០ មក និងជាប់ឈ្មោះជាប្រទេសកំពុងតែមានការយឺតយ៉ាវយ៉ាងធ្ងន់ធ្ងរជាងគេ ក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ ជាពិសេសនិយាយពីសមត្ថភាពប្រើប្រាស់ថាមពលខ្យល់និងពន្លឺព្រះអាទិត្យ។

ដើម្បីឱ្យអាស៊ីសម្រេចបាននូវគោលដៅនៃការបង្កើនថាមពលកកើតឡើងវិញឱ្យបានបីដង និងគោលដៅនិកាបូនូបនីយកម្ម ( Decarbonization) នៅឆ្នាំ ២០៣០ ដូចដែលបានព្រមព្រៀងគ្នា តម្រូវឱ្យប្រទេសឥណ្ឌូណេស៊ី និងជប៉ុន ដែលជាប្រទេសធំជាងគេពីរក្នុងតំបន់សេដ្ឋកិច្ច ត្រូវដើរតួនាទីជាចម្បង។ ព្រោះបើ​យោង​តាមការសិក្សារបស់​ក្រុមហ៊ុន Global Energy Monitor  រោងចក្រធ្យូងថ្មរបស់ឥណ្ឌូនេស៊ី បញ្ចេញកាបូនរហូតដល់ទៅ ២១៤លានតោនឯណោះក្នុងមួយឆ្នាំ គឺជាប់លំដាប់ខ្ពស់បំផុតទី៦នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសរុស្ស៊ី។ ការបំពុលដ៏សម្បើមជាងគេនេះ គឺត្រូវបានជំរុញដោយការពង្រីកដ៏ធំនៃការបង្កើតគម្រោងរោងចក្រថាមពលធ្យូងថ្ម ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ។

ជប៉ុន​មិន​មែន​ជា​ប្រទេស​អាស៊ី​តែ​មួយ ​ដែល​ចង់​ពង្រីកលទ្ធភាពប្រើប្រាស់ថាមពល​ខ្យល់ ​សម្រាប់ឧស្សាហកម្មនៅតាមតំបន់​ឈូង​សមុទ្រ​របស់​ខ្លួនប៉ុណ្ណោះទេ តែកោះតៃវ៉ាន់ដែលនៅជិតនោះ ក៏ជាប្រទេសឈានមុខគេដែលកំពុងប្រើប្រាស់បច្ចេកវិទ្យានេះ ហើយត្រូវបានគេរំពឹងថា នឹងបន្ថែមសមត្ថភាពថាមពលដើរដោយខ្យល់រហូតដល់ ៦,៦ GW នៅត្រឹមឆ្នាំ ២០២៧ ថែមទៀតផង។ ខណៈពេលដែលកូរ៉េខាងត្បូង និងវៀតណាមក៏កំពុងស្វែងរកការពង្រីកលទ្ធភាពប្រើថាមពលខ្យល់ ដោយយកលំនាំតាមតៃវ៉ាន់ផងដែរ។ ​បើ​តាម​របាយការណ៍​ពី​ក្រុម​ហ៊ុនប្រឹក្សា​យោបល់ Wood Mackenzie សក្តានុពលសម្រាប់ផលិតថាមពលខ្យល់ពីឆ្នេរសមុទ្រនៅតំបន់អាស៊ី អាចមានរហូតដល់ ៥៨ពាន់លានដុល្លារ ខណៈសក្តានុពលថាមពលសូឡានៅអាស៊ីប៉ាស៊ីហ្វិចមាន $៦៧៨,៨១ ពាន់លាន គិតត្រឹមឆ្នាំ ២០២៣។

ការសម្រេចបាននូវគោលដៅនៃការកកើតឡើងវិញចំនួនបីដងនៅឆ្នាំ ២០៣០ នឹងទាមទារយ៉ាងសំខាន់ នូវការផ្លាស់ប្តូរថ្មីនៅទូទាំងអាស៊ី ក្នុងនោះរួមទាំងការបង្កើនទុនិវិនិយោគ ការកែលម្អភាពជឿជាក់នៃបណ្តាញអគ្គិសនី និងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ថាមពល និងការធ្វើបរិយាបន្នកម្មថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ឱ្យបានកាន់តែច្រើន។

តែ​បើយោង​តាម​របាយ​ការណ៍​របស់ EY ទ្វីបអាស៊ី​ មានឧបសគ្គជាច្រើនរួមទាំង “គោលនយោបាយមិនគ្រប់គ្រាន់ និងក្របខ័ណ្ឌវិនិយោគមិនទាន់អំណោយផល”នៅឡើយ។ ទន្ទឹមនឹងនេះ “រចនាសម្ព័ន្ធថាមពលចាស់ និងការបន្តប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលដែលមានស្រាប់” បានបន្តរារាំងដំណើរការអនុម័តយកថាមពលកកើតឡើងវិញថ្មី ឱ្យនៅមានកម្រិត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]