កម្ពុជានៅសល់ដីមិនទាន់ដោះមីនរួចទំហំប្រមាណជិត ២ពាន់គីឡូម៉ែត្រការ៉េទៀត
កម្ពុជា នៅសល់ផ្ទៃដីមិនទាន់ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៨៥៤ គីឡូម៉ែត្រការ៉េ ខណៈមានប្រជាជនជាង ១លាននាក់កំពុងរស់នៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់លោកលី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាជាមួយវិទ្យុបារាំងRFI ខេមរភាសា នៅពីថ្ងៃទី០៤ ខែមេសា ក្រោមប្រធានបទ “ការពារជីវិត កសាងសន្ដិភាព” នៅខេត្តសៀមរាប។
ជាមួយគ្នានេះដែរ បើតាមជំនួបរវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកGregory Cathcart មន្ត្រីនៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បានបង្ហាញពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពបន្តជាពិសេសពាក់ព័ន្ធ សកម្មភាពសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។
នាឱកាសនោះ លោក Gregory Cathcart បានលើកឡើងពីភាពចាំបាច់ ដែលកម្ពុជាត្រូវអនុវត្តយ៉ាងហ្មត់ចត់ចៀសវាងមិនបានផ្ទៀងផ្ទាត់ចម្ការមីនគ្រប់ជ្រុងជ្រោយ និងត្រូវចៀសវាងក្រោយប្រកាសអស់គ្រាប់មីនទៅហើយ តែបែរជានៅតែបន្តបង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយកម្ពុជាត្រូវធ្វើការស្រាវជ្រាវកំណត់ទីតាំង និងព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីកត់ត្រាទិន្នន័យចម្ការមីនដែលនៅសេសសល់ទាំងអស់ចូលក្នុងប្រព័ន្ធទិន្នន័យជាតិឱ្យបានច្បាស់លាស់។
រីឯ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ពីជំហក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ខាងមុខនេះ ដោយបានលើកឡើងថា កម្ពុជាត្រូវការពេលវេលាសមស្រប ដើម្បីស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការបោសសម្អាតគ្រាប់មីនទាំងអស់ និងបញ្ជាក់ឱ្យបានច្បាស់ថា កម្ពុជាគ្មានចម្ការមីននៅសេសសល់ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនទៀតឡើយ។
គួរបញ្ជាក់ថា រយៈពេល ៣១ឆ្នាំកន្លងទៅ កម្ពុជាបានរំដោះដីមានមីនបានជាង ៣ពាន់ គីឡូម៉ែត្រកា ខណៈក្រុមការងារបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១.១៧៩.៣៦៥គ្រាប់ មីនប្រឆាំងរថគ្រោះចំនួន ២៦.៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣.១០៥. ៥៩៣គ្រាប់។ (អានបន្ថែម)
- Video Advertisement -