តើកត្តាអ្វីខ្លះ ដែលជំរុញកម្ពុជាឱ្យត្រូវតែសង់ព្រែកជីកហ្វូណន?
រដ្ឋាភិបាលកម្ពុជាប្តេជាយ៉ាងមុតមាំថា នឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅចុងឆ្នាំ២០២៤ ខណៈគម្រោងនេះនឹងផ្តល់ប្រយោជន៍ដ៏ច្រើនមហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវានឹងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ថែមទៀតផង។ (អានបន្ថែម)
គួរបញ្ជាក់ថា ក្រោយសង់គម្រោងសង់ព្រែកជីកនេះរួច កម្ពុជានឹងទទួលបានផលចំណេញពីការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ព្រែកជីហ្វូណន នឹងមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។
ខាងក្រោមនេះជាព័ត៌មានលម្អិតបន្ថែមអំពីគម្រោងសង់ព្រែកជីកហ្វូណន ត្រូវបានធ្វើបច្ចុប្បន្នភាពដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ មេសា ២០២៤៖
ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។
ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១.៧០០ លានដុល្លារ ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។
ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។
ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)
- Video Advertisement -