អ្នកជំនាញពីសាកលវិទ្យាល្បីចិនមកកម្ពុជា ដើម្បីជួយលើកកម្ពស់វិស័យវារីវប្បកម្ម

ក្នុងគោលបំណងលើកកម្ពស់ការចិញ្ចឹមត្រី និងបង្គាក្នុងប្រទេសកម្ពុជា ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Shanghai Ocean បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលនៅកម្ពុជានាពេលថ្មីៗនេះ ក្នុងគោលបំណងស្វែងរកដៃគូហការវិនិយោគលើគម្រោងសាងសង់ច្រករបៀងត្រី និងស្រូវរវាងប្រទេសចិននិងកម្ពុជា នេះបើយោងតាម Chinadaily ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៣ ខែឧសភា ២០២៤ នេះ។

“កម្ពុជា មានផ្ទៃដីដាំដុះស្រូវដែលមានស្រាប់ចំនួន ៣,៣លានហិកតា ប៉ុន្តែផ្ទៃដីដែលបានយកមកប្រើប្រាស់សម្រាប់វារីវប្បកម្មស្រះទឹកសាបក្នុងប្រទេសនេះ មានត្រឹមតែប្រមាណ ១.៣៥០ហិកតា តែប៉ុណ្ណោះ ដែលនាំឱ្យមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងតម្លៃទីផ្សារខ្ពស់នៃផលិតផលជលផល ដូចជាផលិតផលបង្គាយក្សទឹកសាប និងត្រីឡាបយ៉ាជាដើម។ កត្តានេះ នាំឱ្យមានសក្ដានុពលយ៉ាងធំ សម្រាប់ឱ្យប្រទេសទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការក្នុងការកសាងច្រករបៀងត្រី និងស្រូវ” នេះជាការលើកឡើងរបស់លោក Wu Xugan អ្នកដឹកនាំក្រុមស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រជលសាស្ត្រ និងជីវវិទ្យា នៅសាកលវិទ្យាល័យ Shanghai Ocean។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមេសា ក្រុមការងារស្រាវជ្រាវ បានទៅមើលតំបន់នៅតាមខេត្តមួយចំនួន និងបានធ្វើការសិក្សាស៊ីជម្រៅ និងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលបច្ចេកទេស ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីស្ថានភាពទីផ្សារក្នុងស្រុក ដើម្បីជួយកសិករបង្កើនជំនាញចិញ្ចឹមត្រីក្នុងស្រែ។ .

ក្រោមការដឹកនាំក្រុមការងារបច្ចេកទេសដោយលោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារស្រាវជ្រាវនេះ បានចុះទៅមើលមូលដ្ឋានបង្ហាត់បង្ហាញការចិញ្ចឹមបង្គាចំនួនបីទីតាំង ដែលខ្លួនបានជួយសាងសង់ក្នុងខេត្តតាកែវ និង បានផ្តល់វគ្គបណ្តុះបណ្តាលដល់កសិករជាង ៣០ នាក់នៅនឹងកន្លែង។

លោកសាស្ត្រាចារ្យ Wu បានឱ្យដឹងពីរបៀប​ចិញ្ចឹមត្រីនៅក្នុង​ស្រែនៅ​កម្ពុជា​ពេល​ខ្លះ​អាច​ខុស​ពី​ការ​ធ្វើ​នៅ​ប្រទេស​ចិន ដោយសារ​អាកាសធាតុ ទេសភាព និង​លក្ខខណ្ឌ​ផលិតកម្ម​ខុស​គ្នា ព្រម​ទាំង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​អាង​ស្តុក​ទឹក​ជាដើម ដោយបានពន្យល់ថា៖ “មិនដូចគំរូនៃការចិញ្ចឹមត្រីនិងដាំស្រូវដែលស៊ីសង្វាក់គ្នានៅក្នុងប្រទេសចិននោះទេ កន្លែងជាច្រើនក្នុងប្រទេសកម្ពុជាអាចដាំដុះស្រូវ ឬត្រីបានតែក្នុងរដូវប្រាំង និងរដូវភ្លៀងតែប៉ុណ្ណោះ ព្រោះពួកគេមិនមានអាងស្តុកទឹកសម្រាប់គ្រប់គ្រងការប្រើប្រាស់ទឹក និងពិបាកក្នុងការការពារហានិភ័យ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់)។ យើងឃើញថាទំហំវារីវប្បកម្មនៅទីនេះ (កម្ពុជា) មានចំនួនតិចតួច ហើយកសិដ្ឋានភាគច្រើន ដំណើរការជាលក្ខណៈគ្រួសារ និងមិនទាន់មានលក្ខណៈពាណិជ្ជកម្មពេញលេញនៅឡើយ។ ម្យ៉ាងទៀត ជំនាញគ្រប់គ្រងការប្រមូលផលចិញ្ចឹមត្រីក្នុងស្រែរបស់កសិករ នៅមិនទាន់អភិវឌ្ឍ និងកង្វះខ្សែសង្វាក់ឧស្សាហកម្មពេញលេញ បានធ្វើឱ្យមានកម្រិតផលិតភាពទាប និង​តម្លៃ​ចំណី​ត្រី​ខ្ពស់។”

ចំពោះបញ្ហាប្រឈមនេះ ក្រុមអ្នកស្រាវជ្រាវប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយកសិករកម្ពុជាអភិវឌ្ឍការចិញ្ចឹមត្រីក្នុងស្រែឱ្យខាងតែបាន។ លោក Wu បានបញ្ជាក់​ថា​៖ ​យើង​បាន​សិក្សា​បន្ថែម​ទៀត​អំពី​លក្ខខណ្ឌ​ក្នុងមូលដ្ឋាន​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ​។ យើងនឹងចាប់ផ្តើមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាព ដើម្បីជួយអ្នកស្រុកការពារធនធានជលផលជាមុនសិន បន្ទាប់មកពង្រីកទៅដល់ការចិញ្ចឹមត្រីខ្នាតធំ និងការអនុវត្តវារីវប្បកម្មស្រះនាពេលអនាគត”។

ដោយមើលឃើញថា ទេពកោសល្យចិញ្ចឹមត្រីក្នុងស្រែក្នុងមូលដ្ឋានមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមការងារសាកលវិទ្យាល័យ Shanghai Ocean ក៏បានធ្វើការទាក់ទាញនិស្សិតកម្ពុជាឱ្យចូលមកក្នុងវិស័យនេះបន្ថែមទៀត ដោយរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនៅតាមសាលាវិទ្យាល័យក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍រួមចិន-កម្ពុជា ដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២៣ ប្រទេសទាំងពីរ នឹងពន្លឿនការសាងសង់ច្រករបៀងដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិ-ពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដែលផ្តោតអាទិភាពលើការអភិវឌ្ឍវារីវប្បកម្ម កសិកែច្នៃ កសិកម្មអេកូឡូស៊ីទំនើប ការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនបច្ចេកវិទ្យាកសិកម្ម និងធនធានមនុស្សថ្មី។​ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ក្រុមការងារបានអនុវត្តគម្រោងមួយក្នុងប្រទេសកម្ពុជា ដែលផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការចិញ្ចឹមស្រូវ-ត្រី និងការកាត់បន្ថយភាពក្រីក្រតាមរយៈការវារីវប្បកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]