អ្នកស្រាវជ្រាវជប៉ុនចង់ប្រើបច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិចក្នុងការសាងសង់ ដើម្បីសម្រាលទម្ងន់អគារឱ្យផុតពីដីការពារគ្រោះរញ្ជួយដី

តាមពិតទៅគ្រោះរញ្ជួយដី មិនបានសម្លាប់មនុស្សដោយផ្ទាល់ទេ ប៉ុន្តែគឺអគារឬផ្ទះដែលជាទីអាស្រ័យនៅរបស់ប្រជាជនទៅវិញទេ ដែលជាអ្នក​សម្លាប់​មនុស្ស​ក្នុងហេតុការណ៍​រញ្ជួយ​ដី ។ បើពិនិត្យមើលស្ថិតិឬរូបថតអំពីគ្រោះរញ្ជួយដី យើងនឹងឃើញថាភាគច្រើននៃអ្នកស្លាប់ដោយសារការរញ្ជួយដីធំឬតូច គឺមកពីអគារ ឬផ្នែកខ្លះនៃអគារធ្លាក់សង្កត់កិនមកលើមនុស្ស។ តើ​មាន​វិធី​អ្វី​ដែលល្អ​ប្រសើរ​ជាង​មុន​ដើម្បីជួយមនុស្សឱ្យ​ជៀស​ផុត​ពី​សោកនាដកម្មនេះបាន? ចំពោះមុខបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវិស្វកម្មសំណង់អគារទំនើបរបស់ជប៉ុន បាននិងកំពុងចាប់អារម្មណ៍លើគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីសាកល្បងអនុត្ត សង់“អគារឬផ្ទះអណែ្តតលើខ្យល់ = Levitating or Floating House”។

គំនិតផ្តួចផ្តើមនេះ ត្រូវបានស្នើឡើងជាលើកដំបូង តាមរយៈការសិក្សាស្រាវជ្រាវមួយឈ្មោះថា “ការស្រាវជ្រាវ និងការអភិវឌ្ឍន៍គំរូ TMD (Tuned Mass Damper)  សម្រាប់សំណង់ រយៈពេលវែងដោយប្រើបច្ចេកទេសសម្រាលទម្ងន់” ធ្វើឡើងដោយអ្នកស្រាវជ្រាវជំនាញរបស់ជប៉ុនឈ្មោះ Furuya, M. Fujishita, និងក្រុមស្រាវជ្រាវរបស់ពិភពលោក។ លទ្ធផលនៃការសិក្សានេះ  ត្រូវបានបោះពុម្ពផ្សាយនៅក្នុង សន្និសីទពិភពលោកស្តីពីវិស្វកម្មឆ្លើយតបនឹងការរញ្ជួយផែនដីឆ្នាំ ២០២០ និងត្រូវបានចុះផ្សាយក្នុង្នឆ្នាំដដែលលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Airdanshin ដែលជាក្រុមហ៊ុនឈានមុខគេរបស់ជប៉ុនក្នុងវិស័យសំណង់អគារដែលមានភាពធន់នឹងការរញ្ជួយដី។

ការស្រាវជ្រាវនេះ ផ្តោតអាទិភាពខ្លាំងលើការអភិវឌ្ឍគំរូ TMD សម្រាប់រចនាសម្ព័ន្ធសំណង់រយៈពេលយូរ ដែលបច្ចេកវិទ្យា TMDs នេះ គឺជាឧបករណ៍ត្រួតពិនិត្យរំញ័រអកម្ម (passive vibration control devices) ដែលប្រើដើម្បីកាត់បន្ថយការឆ្លើយតបជាថាមវន្តសម្រាប់សំណង់អគារដែលទទួលរងនូវបន្ទុកកម្លាំងបុកឬទម្រទម្ងន់សង្កត់ខាងក្រៅ ដូចជាការរញ្ជួយដីជាដើម។​ បច្ចេកទេសសម្រាលទម្ងន់ដោយប្រើកម្លាំងម៉ាញ៉េទិចនេះ ប្រើវិធីសាស្រ្ត ទ្រម៉ាស់ TMD របស់វត្ថុមួយឬសំណង់មួយដោយប្រើទ្រនាប់ខ្យល់និងកម្លាំងរុញច្រានរបស់ដែនម៉ាញ៉េទិចនៃមេដែក (ឬកម្លាំងអេឡិចត្រូម៉ាញ៉េទិច) ដើម្បីកាត់បន្ថយការកកិត និងបង្កើនដំណើរការនៃប្រព័ន្ធ TMD ដើម្បីកាត់បន្ថយកម្លាំងរំញ័រពីផែនដីទាញដល់អគារ។ ជាលទ្ធផល ការស្រាវជ្រាវនេះ បានបង្ហាញពីប្រសិទ្ធភាពនៃគំរូ TMD បានដោយជោគជ័យ ដែលប្រព័ន្ធបង្ហាញការកកិតទាប និងមានលក្ខណៈអាចគ្រប់គ្រងបានខ្ពស់ និងអាចយកមកអនុវត្តបានក្នុងវិស័យផ្សេងៗ រួមទាំងវិស្វកម្មស៊ីវិល វិស្វកម្មមេកានិច និងវិស្វកម្មអវកាស។ វាក៏អាចត្រូវបានប្រើដើម្បីកាត់បន្ថយរំញ័រនៅក្នុងអគារ ស្ពាន និងរចនាសម្ព័ន្ធសំណង់ផ្សេងទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពបង្គុំសំណង់ និងដំណើរការរបស់វាបានថែមទៀតផង។

រឿងនេះស្តាប់ទៅហាក់ដូចជាទ្រឹស្តីដែលមិនអាចទៅរួច ប៉ុន្តែមែនទែនបច្ចេកវិទ្យា សម្រាលទម្ងន់ដោយប្រើកម្លាំងម៉ាញ៉េទិច (magnetically levitated​​ = Maglev)” ធ្លាប់ត្រូវបានមនុស្សយើងប្រើដោយជោគជ័យរួចមកហើយសម្រាប់វិស័យអយស្ម័យយាន (រថភ្លើងល្បឿនលឿន) ដើរដោយថាមពលម៉ាញ៉េទិច (maglev train) គ្រាន់តែនៅមិនទាន់បានអនុវត្តចំពោះវិស័យអគារនៅឡើយ។ ប៉ុន្តែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ត្រូវបានគេជឿថាអាចនឹងមានឥទ្ធិពលលើបច្ចេកវិទ្យាសាងសង់អគារ ដែលរចនាឡើងដើម្បីភាពធន់នឹងការរញ្ជួយដីនាពេលអនាគតបាន។

បច្ចេកវិទ្យាដែលមានស្រាប់ Seismic Isolation និងប្រព័ន្ធពោងខ្យល់ទ្រនាប់អគារ

តាមពិតទៅបច្ចេកវិទ្យាទប់លំនឹងអគារទល់នឹងការរញ្ជួយដី មិនមែនជារឿងថ្មីពេកណាស់នោះទេ ពីព្រោះជប៉ុនក៏ធ្លាប់មានបច្ចេកទេសសង់អគារដែលមានភាពធន់ ការពារអគារពីការរញ្ជួយដី ក្នុងភាពជាក់ស្តែង គឺបានផលប្រកបដោយប្រសិទ្ធភាពរួចមកហើយ នោះគឺការប្រើបច្ចេកវិទ្យា Seismic Isolation និងការប្រើបច្ចេកវិទ្យាប្រព័ន្ធ Air Bag Foundation System (ការប្រើពោងខ្យល់ធ្វើជាទ្រនាប់អគារនៅពេលមានការរញ្ជួយដី)។

ទាំងនេះ គឺជាផលិតផលរបស់អ្នកច្នៃប្រតិដ្ឋដ៏ល្បីរបស់ជប៉ុន Shoichi Sakamoto ប្រចាំនៅក្រុមហ៊ុន Air Danshin។ តាមធម្មតា នៅពេលគ្មានគ្រោះមហន្តរាយកើតឡើង អគារឬផ្ទះដែលយើងរស់នៅ គឺឈរនៅពីលើពោងខ្យល់សំប៉ែតទទេ។ ប៉ុន្តែនៅពេលមានគ្រោះរញ្ជួយដីកើតឡើង ឧបករណ៍ចាប់សញ្ញា (Sensor) មានឱ្យរលកសញ្ញារំញ័រ និងដោយស្វ័យប្រព័ន្ធម៉ាស៊ីនបង្ហាប់ខ្យល់ចាប់ផ្តើមដំណើរការក្នុងរយៈពេលមួយវិនាទី។ ម៉ាស៊ីនបង្ហាប់បូមខ្យល់ចូលទៅក្នុងពោងសុវត្ថិភាព បំប៉ោងវាក្នុងរយៈពេលពីរបីវិនាទីទៀត ហើយទីបំផុតបានលើកអគារឬផ្ទះទាំងមូលចេញពីគ្រឹះបេតុងបានកម្ពស់បីសង់ទីម៉ែត្រ​ ដែលអាចការពារការរញ្ជួយដីបាន។ ត្រឹមកម្ពស់នេះ អគារឬផ្ទះនោះនឹងសំកាំង អនុញ្ញាតឱ្យអ្នករស់នៅទីនោះ អាចធ្វើអាជីវកម្មឬរស់នៅធម្មតាបាន ក្នុងរយៈពេលនៃការរញ្ជួយដីនោះ។ បន្ទាប់ពីពេលនោះ ពោងទ្រនាប់អគារនឹងអស់ខ្យល់ ហើយអគារ ឬផ្ទះ ក៏នឹងធ្លាក់ចុះក្រោមវិញដោយថ្នមៗ។

បានត្រឹមកាត់បន្ថយហានិភ័យបានខ្លះ

ប៉ុន្តែលោក Deke Smith នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសុវត្ថិភាពរញ្ជួយដី និងសម្ព័ន្ធភាពអគារឆ្លាយវៃ (BuildingSMART Alliance) ដែលជាផ្នែកមួយនៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រសំណង់ ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី មានប្រសាសន៍ថា “…ប៉ុន្តែខ្ញុំគិតថា វានឹងអាចជួយការពារបានខ្លះសម្រាប់ការរញ្ជួយដីកម្រិតស្រាល។ ប្រាកដណាស់ថា វានឹងជួយសម្រាល ឱ្យចលនាមួយចំនួនមានភាពធូរស្រាល។ ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថាប្រសិនបើអ្នកវិនិយោគលើបច្ចេកវិទ្យានេះ អ្នកនឹងអាចលុបបំបាត់បញ្ហាខូចខាតលើអគារពីការរញ្ជួយដីបានទាំងស្រុងឬអត់នោះទេ។ ”

លោក Smith ​បានបន្ថែមទៀតថា ការធ្វើតេស្តរញ្ជួញដីសាកល្បងរបស់ក្រុមហ៊ុន Air Danshin ដោះស្រាយបានតែជាមួយចលនារំញ័រឬរញ្ជួយពីចំហៀង ពោលគឺពីម្ខាងទៅម្ខាង ហើយការរញ្ជួយដីតាមធម្មជាតិភាគច្រើន មិនដូចការរញ្ជួយដីសិប្បនិម្មិត ដែលត្រូវបានកំណត់ឱ្យរង្គើតែពីរវិមាត្របែបនេះនោះទេ។ រយៈកំពស់បីសង់ទីម៉ែត្រ (ដែលហើបឡើងដោយប្រើពោងខ្យល់ទ្រនាប់អគារនោះ) នឹងការពារអគារឬផ្ទះបាន សម្រាប់តែការរញ្ជួយដីណាដែលស្រាលៗ ដែលមិនមានកម្លាំងបុកខ្ពស់ជាងបីសង់ទីម៉ែត្រតែប៉ុណ្ណោះ។ សំណួរសួរថា បើមានរលករញ្ជួយខ្លាំង តើនឹងមានអ្វីកើតឡើងចំពោះផ្ទះអណ្តែតនោះ? វាអាចនឹងរអិលចេញពីគ្រឹះរបស់វាទៅបាត់ក៏ថាបាន។

បញ្ហាប្រឈមផ្នែកបច្ចេកទេស៖ ការសាងសង់អគារឬផ្ទះមួយដែលអាចមានភាពធន់នឹងការរញ្ជួយដី ត្រូវការថាមពលដ៏ធំសម្បើម និងដែនម៉ាញេទិកដែលមានស្ថេរភាពខ្លាំង ដើម្បីទប់ទល់នឹងកម្លាំងទំនាញផែនដី។ បច្ចេកវិទ្យានេះ នឹងមានភាពស្មុគ្រស្មាញ និងមានតម្លៃថ្លៃក្នុងការអនុវត្តជាទ្រង់ទ្រាយធំ។ ទោះបីជាដំណើរនេះហាក់ដូចជានៅវែងឆ្ងាយបន្តិចមែនក៏ដោយ ក៏គំនិតផ្តួចផ្តើមបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រតិដ្ឋនេះ តំណាងឱ្យការជឿនលឿនដ៏សំខាន់នៅក្នុងការដោះស្រាយបញ្ហាការរញ្ជួយដីរបស់ប្រទេសជប៉ុន ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យារបស់ពិភពលោកទាំងមូល។

​“​ទោះយ៉ាងណាក្តី ការសាកល្បងសាង​សង់​ផ្ទះបែបនេះ​ខ្លះ ​គឺជាការ​ល្អ​។ នោះហើយជារបៀបដែលយើងបន្តដកស្រង់មេរៀន និងកែលម្អខ្លួនយើង។ វាអាចជាការផ្តួចផ្តើមគំនិតថ្មីមួយ ដែលនឹងជំរុញគំនិតរបស់នរណាម្នាក់ទៀត ក្នុងទិសដៅផ្សេងទៀត។ វាអាចជាការរួមចំណែកដ៏សំខាន់ចំពោះដំណោះស្រាយដ៏ធំមួយដែលមិនទាន់សម្រេចនៅថ្ងៃនេះ​ប៉ុន្តែគង់តែនឹងសម្រេចបាននៅថ្ងៃណាមួយ” ប្រសាសន៍របស់លោក Smith ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]